ឥណ្ឌូណេស៊ី៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមកម្មវិធីបើកវេទិកាហ្សាកាត់ (ទ្រព្យបរិច្ចាគទាន) ពិភពលោក នៅទីក្រុងបាន់ដុង សាធារណរដ្ឋឥណ្ឌូនេស៊ី ។ ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានចាកចេញកាលពីរសៀលថ្ងៃចន្ទ៨កើត ខែកត្ដិក ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។
វេទិការ លើកទី៨នេះ មានរយៈពេល៣ ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ នៅទីក្រុងបាន់ឌុង សាធារណៈរដ្ឋឥណ្ឌូ ណេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាស្ត្រាចារ្យ បណ្ឌិត MA’RUF AMIN អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូ ណេស៊ី ក្រោមប្រធានបទ ពង្រឹងតួនាទីរបស់វេទិកាពិភពហ្សាកាត់ (ទ្រព្យបរិច្ចាគទាន)ក្នុងយុគសម័យឌីជីថល ដែលមានការចូលជាវាគ្មិនសំខាន់ៗ ថ្នាក់រដ្ឋមន្ត្រី អ្នកស្រាវជ្រាវ សាសនិកវិទូ និង អ្នកកវីល្បីៗជាច្រើនរូបទៀត ដោយមានថ្នាក់ដឹកនាំសំខាន់ៗមកពីបណ្ដាប្រទេសជុំវិញពិភពលោកប្រមាណ ៣៥០នាក់ មកពីបណ្ដាប្រទេសឥស្លាម ចំនួន៣២ នៅលើពិភពលោកផងដែរ ។
សូមបញ្ជាក់ថា៖ វេទិកានេះ បានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០១០ ក្នុងគោលបំណង ជួយសម្របសម្រួល ស្ថាប័នហ្សាកាត់ ក្នុងការគ្រប់គ្រង ហ្សាកាត់ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសដើម្បីសុក្រិត្យភាព ក្នុងការ គ្រប់គ្រង និងផ្ដល់ជូន ហ្សាកាត់ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ទៅតាមបណ្ដាប្រទេស មហាមិត្ដ ដែលជាដៃគូ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៏ ។
ហ្សាកាត់ទ្រព្យបរិច្ចាគទាន គឺជាកាតព្វកិច្ចទី៤ របស់សាសនាឥស្លាម សម្រាប់អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោក ពោលគឺអ្នកដែលមានទ្រព្យសម្បត្តិគ្រប់ចំនួនដែលត្រូវដកហ្សាកាត់ក្នុងរយៈពេលមួយឆ្នាំ ត្រូវដកចំនួន២.៥% នៃទ្រព្យសម្បត្តិដែលខ្លួនមានទៅតាមក្បួនច្បាប់ឥស្លាម ជូនដល់ជនក្រីក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា និង អ្នកដែលមានសិទ្ធិទទួលបានហ្សាកាត់ (ទ្រព្យបរិច្ចាគទាន).ប្រធានគណៈ ប្រតិភូកម្ពុជាដឹកនាំដោយ លោក អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសនៃការស្នាក់នៅទីនោះលោក នឹងជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗផងដែរ ៕ ដោយ៖ សំរិត