អាវុធឡាស៊ែរដើរតួនាទីយ៉ាងសំខាន់នៅក្នុងសម័យទំនើបកម្មសព្វាវុធ ដោយប្រទេសជាច្រើនបានបង្កើនការផលិតអាវុធល្បឿនលឿនដើម្បីការពារខ្លួន ។ ឡាស៊ែរ ត្រូវបានគេចាត់ទុកថា ជាអាវុធទំនើបបំផុតដែលអាចកម្ទេចគោលដៅហោះហើរ ល្បឿនលឿនបានយ៉ាងមានប្រសិទ្ធិភាព។
សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា ក្រុមហ៊ុនផលិតសព្វាវុធអាមេ រិក ឡុកឃីដ ម៉ាទីន (Lockheed Martin) បានប្រកាសក្នុងសប្តាហ៍នេះ អំពីការអភិវឌ្ឍនូវប្រព័ន្ធឡាស៊ែរប្រភេទថ្មី (ATHENA system) ជាមួយនឹងកងទ័ពអាកាសសហរដ្ឋអាមេរិក។
ប្រព័ន្ធឡាស៊ែរអាថេណា (ATHENA system) ខាងលើនេះមានសមត្ថភាពខ្ពស់មិនធ្លាប់មាន ដោយវាប្រើប្រាស់កាំរស្មីឡាស៊ែរ ដើម្បីបាញ់កម្ទេចយន្តហោះដ្រូនរបស់សត្រូវ ជាច្រើនគ្រឿងក្នុងពេលតែមួយ តាមរយៈការផ្សាភ្ជាប់វាទៅនឹងប្រព័ន្ធគ្រប់គ្រងនិងបញ្ហា របស់កងទ័ពអាកាស ជាពិសេសនោះគឺប្រព័ន្ធរ៉ាដាដែលមានស្រាប់។
របាយការណ៍មួយបានបញ្ជាក់ថា ការធ្វើតេស្តតំណាក់កាលបន្តបន្ទាប់របស់ ATHENA system បានទទួលជោគជ័យពេញលេញ ដោយវាបានកម្ទេចយន្តហោះដ្រូនប្រភេទស្លាបធម្មតា និងដ្រូនប្រភេទរង្វិលអស់ជាច្រើនគ្រឿងក្នុងពេលតែមួយ។ ការធ្វើតេស្តត្រូវបានធ្វើឡើងនៅតំបន់ ហ្វតស៊ីល (Fort Sill) នៃរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក។
ការចាប់ផ្តើមអភិវឌ្ឍន៍ដ្រូនប្រភេទនេះ ត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៧ មកម្ល៉េះ ដោយវាស្ថិតនៅក្នុងគោលដៅបង្កើនការពារទុកជាមុន ចំពោះការវាយប្រហារណាមួយពីក្រុមយន្តហោះដ្រូន ព្រោះដ្រូនគ្រប់ប្រភេទកំពុងត្រូវបានប្រើប្រាស់ កាន់តែច្រើនឡើងៗលើគ្រប់វិស័យ និងមានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបផងដែរ ៕