រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeoបានបញ្ជាក់កាលពីថ្ងៃទី៨ ខែវិច្ឆិកាថា អង្គការណាតូ ចាំ បាច់ត្រូវតែអភិវឌ្ឍន៍ និងផ្លាស់ប្តូរទម្រង់ បើមិនដូច្នេះទេ ណាតូនិងក្លាយទៅជាសម្ព័ន្ធយោធាហួសសម័យ។
ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយសារតែណាតូជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អាមេរិក ។ លោក Mike Pompeo បានលើកឡើងថា ការចាំបាច់របស់ណាតូ គឺអភិវឌ្ឍន៍ ឲ្យទាន់សភាពការនាពេលបច្ចុប្បន្ន ។ ការលើកឡើងខាងលើ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោយពេលដែល ប្រធានា ធិបតីបារាំងបានបង្កឲ្យមានរលករិះគន់ បន្ទាប់ពីលោកនិយាយចាត់ទុក អង្គការបក្សសម្ព័ន្ធណាតូថា ជាស្ថាប័នដែលដូចស្លាប់ទៅហើយនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអង់គ្លេស The Economist ចុះ លោកប្រធានាធិបតីម៉ាក្រុង បានអំពាវនាវឲ្យអឺរ៉ុបងើបភ្ញាក់ដឹងខ្លួនឡើង ព្រោះថា អឺរ៉ុបមិនអាចពឹងតែលើអាមេរិកដើម្បីការពារសន្តិសុខរបស់ខ្លួននោះទេ។ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អង់ហ្គេឡា មេរកិល បាននិយាយថា លោកស្រីមិនយល់ស្របជាមួយសំដីជ្រុលនិយមរបស់ប្រធានាធិបតី បារាំងនោះទេ។
នៅក្នុងបទសម្ភាសន៍ដែលទស្សនាវដ្តីអង់គ្លេសចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតី បារាំង បានប្រើពាក្យថា Otan en mort cérébrale មានន័យស្មើនឹងថា អូតង់ មានតែបេះដូង នៅមានដង្ហើម ប៉ុន្តែ ខួរក្បាលវិញ គឺស្លាប់ លែងអាចបញ្ជាអ្វីបានទៀតហើយ។ សម្រាប់លោកប្រធានាធិបតីម៉ាក្រុង អូតង់មានតែរូបរាង ប៉ុន្តែ គ្មានអំណាច សកម្មភាព ចាត់ចែងអ្វីនោះទេ។ ព្រឹត្តិការណ៍ ធ្វើសង្រ្គាមនៅទឹកដីភាគខាងជើង ស៊ីរី គឺជាឧទាហរណ៍ ស្រាប់។
តាមប្រធានាធិបតីបារាំង អាមេរិកដែលជាសមាជិករបស់អូតង់ មិនបានទាក់ទង ជូនដំណឹង ឬពិភាក្សាពីការដកទ័ពរបស់ខ្លួនចេញពីទឹកដីស៊ីរីជាមួយប្រទេសសមាជិកអូតង់ផ្សេងទៀតនោះទេ។ ការសម្រេចចិត្តជាឯកតោភាគីរបស់ប្រធានាធិបតីអាមេរិកបានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ យុទ្ធសាស្រ្តកងទ័ពរបស់ប្រទេសសមាជិកអូតង់ផ្សេងទៀត ដូចជាបារាំងដែលកំពុងបើកបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត នៅទឹកដីភាគខាងជើងស៊ីរី។
ប្រទេសតួកគីដែលជាសមាជិកមួយទៀតរបស់អូតង់ក៏ធ្វើអ្វីតាមចិត្តនឹកឃើញ ដោយ បានបើកការវាយប្រហារទៅលើទាហានគួដឌីស្ថាន ស៊ីរី ដោយគ្មានពិភាក្សា ជាមួយ បក្សសម្ព័ន្ធអាត្លង់ទិក អូតង់។ តួកគី បានបើកការវាយប្រហារទៅលើក្រុមទាហានគួដឌីស្ថាន ដែលតាមពិតជាសម្ព័ន្ធមិត្តរបស់សមាជិកអូតង់ផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។
ប្រឈមនឹងអូតង់ ដែលដូចជាស្លាប់ គ្មានសំឡេង គ្មានអំណាច ប្រធានាធិបតី បារាំង បានបង្ហាញមន្ទិលសង្ស័យ ទៅលើសមត្ថភាពការពាររបស់អូតង់។ នៅពេលចោទសួរថា តើមាត្រា ទី ៥របស់អូតង់ ដែលចែងពីសាមគ្គីភាពរបស់អូតង់ នៅពេលប្រទេសសមាជិកណាមួយ របស់អូតង់រងការវាយប្រហារ ដោយប្រការណាមួយ នៅដំណើរការដែរឬទេ។ លោកប្រធានាធិបតី បារាំងបានឆ្លើយវិញថា លោកមិនដឹងទេ។
ប្រធានាធិបតីបារាំងបានចោទជាសំណួរវិញថា តើអ្វីទៅជាមាត្រាទី៥នៅថ្ងៃ អនាគត។ ក្នុងករណីរបបស៊ីរី វាយប្រហារទៅលើប្រទេសតួកគី ដែលជាសមាជិក របស់អូតង់ តើអូតង់នឹងអនុវត្តមាត្រាទី៥ ដោយចូលរួម ជួយប្រយុទ្ធការពារតួកគី ពីការវាយប្រហាររបស់ស៊ីរី? សម្រាប់ប្រធានាធិបតីបារាំង នេះជាសំណួរ ដែលគេត្រូវចោទសួរឡើងវិញ។
ប្រធានាធិបតី បារាំង ចាប់រិះគន់ ស្ថាប័នអូតង់ ក៏ដោយសារបរិបទភូមិសាស្រ្តនយោបាយ នៅក្នុងពិភពលោកសព្វថ្ងៃ ជាពិសេសរបត់នយោបាយរបស់អាមេរិក ដែលជាក្បាលម៉ាស៊ីន របស់អូតង់។ សម្រាប់ប្រធានាធិបតីបារាំង អាមេរិកនៅតែជាសម្ព័ន្ធមិត្តរបស់អឺរ៉ុប ប៉ុន្តែ ជាលើកទី១ក្នុងប្រវត្តិសាស្រ្ត អាមេរិកមានប្រធានាធិបតីម្នាក់ ដែលមិនយល់ស្របគំនិត ជាមួយអឺរ៉ុប ដែលជាប្រទេសដៃគូ សម្ព័ន្ធមិត្តនៅក្នុងអង្គការអូតង់។
គេអាចយល់ប្រតិកម្ម របស់ប្រធានាធិបតីបារាំង ព្រោះថា កន្លងមក លោកដូណាល់ ត្រាំ បានចាត់ទុកអូតង់ ជាស្ថាប័នចាស់គំរិលហួសសម័យ និងបានទាមទារឲ្យប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត បង្កើនថវិកាដើម្បី ជួយសម្រាលបន្ទុករបស់អាមេរិក បើសិនមិនចង់ឃើញអាមេរិកដកខ្លួន ដើរចេញពីអូតង់។
នៅចំពោះមុខប្រធានាធិបតីអាមេរិក ដែលមិនសូវផ្តល់តម្លៃដល់អូតង់ ឬក្នុងស្ថានភាព អូតង់ដូចជាស្លាប់ យ៉ាងដូច្នេះ ប្រធានាធិបតីបារាំងបានអំពាវនាវឲ្យអឺរ៉ុប ពង្រឹងកងទ័ពអឺរ៉ុបផ្ទាល់ខ្លួនមួយ ដើម្បី ការពារសន្តិសុខផ្ទាល់ខ្លួន ព្រោះគេមិនអាចពឹងតែលើអាមេរិកនោះទេ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលអាមេរិកនៅតែដឹកនាំដោយលោកដូណាល់ ត្រាំនោះ។
បង្កើតកងទ័ព អឺរ៉ុប ជាក្តីប្រាថ្នាចង់បានរបស់បារាំង តាំងពីយូរមកហើយ។ បារាំង ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរ តែមួយ នៅក្នុងសហភាពអឺរ៉ុប ជឿថា ខ្លួនអាចការពារខ្លួនឯងជាអ្នកផ្តើមផ្តើមគំនិតបង្កើតកងទ័ពអឺរ៉ុបជាមួយប្រទេសអាល្លឺម៉ង់។ សម្រាប់ប្រធានាធិបតីបារាំង នៅក្នុងស្ថានភាពដែលអូតង់ដូចជាស្លាប់ ប្រទេសសមាជិកអឺរ៉ុបត្រូវតែភ្ញាក់ដឹងខ្លួនឡើង។ អឺរ៉ុបត្រូវតែមានយុទ្ធសាស្រ្ត និងសមត្ថភាពកងទ័ពចាំការពារខ្លួន ដោយខ្លួនឯង។ មួយវិញទៀត អឺរ៉ុបត្រូវតែបើកការចរចា ជាយុទ្ធសាស្រ្ត ដើម្បីស្តារទំនាក់ទំនងល្អឡើងវិញ ជាមួយរុស្ស៊ី។ រុស្ស៊ី ដែលអូតង់ចាត់ទុកជាសត្រូវ គំរាមកំហែងបណ្តាប្រទេសអឺរ៉ុប សព្វថ្ងៃនេះ។
សម្រាប់ប្រធានាធិបតីបារាំង នៅក្នុងបរិបទដែលមហាអំណាចចិនកាន់តែបង្កើនពង្រីក ឥទ្ធិពល និងអាមេ រិកមានប្រធានាធិបតីដែលគិតតែខ្លួនឯង អឺរ៉ុបត្រូវភ្ញាក់ដឹងខ្លួនឡើង បើសិនដូច្នេះ ទេ អឺរ៉ុបនឹងបាត់មុខពីភូមិសាស្រ្តនយោបាយ ឬក៏អាចលែងជាម្ចាស់លើជោគវាសនារបស់ខ្លួនឯងទៀតផង ៕