ក្រសួងយុត្តិធម៌ប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិចារណាបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយទោសចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយកលក្រុមឧទ្ទាម ដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដើម្បីផ្ទួលរំលំរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានដល់ សាធារណជនជាតិ និងអន្តរជាតិ ស្តីពីការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មួយនេះ ត្រូវបានបរាជ័យទាំងស្រុង ។

 អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសឲ្យដឹងទៀតថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបរាជ័យទាំងស្រុងនូវផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងបានអំពាវនាវឲ្យប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយ​កលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្សី ហើយដែលបានរត់គេចខ្លួនទៅប្រទេសផ្សេងឲ្យវិលត្រឡប់​មកមាតុប្រទេសវិញ ដោយគ្មានទោសពៃរ៍ ដោយអនុវត្តស្របតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចជួបជុំរួមរស់ជាមួយក្រុមគ្រួសារ ក្រោមដំបូលនៃសុខសន្តិភាព។

អ្នកនាំពាក្យបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលខាងលើ និងដោយសារផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលបរាជ័យទាំងស្រុង ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមធ្វើការបញ្ជាក់ជូនដូចតទៅ ៖

១.សូមលើកទឹកចិត្តដល់សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្តទាំងអស់បន្តជំរុញអនុវត្តស្នារតីនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២.ស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្តដែលមានការពាក់ព័ន្ធទាំងអស់ ពិនិត្យរៀបចំធ្វើសចក្តី សន្និ​​ដ្ឋានស្នើសុំទៅតុលាការដើម្បីពិនិត្យពិចារណាលើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានប៉ាញ់បោកខំបាយកលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ហើយដែលបានធ្លាក់ខ្លួនក្នុងការប្រព្រឹត្តបទល្មើសរួមគំនិតក្បត់នាពេលកន្លងមក ដោយប្រើប្រាស់វិធានការនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការជំនួស ទៅតាមការចាំបាច់ផ្នែកនីតិវិធីក្នុងករណីជាក់ស្តែងនីមួយៗ ដោយអនុវត្តស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

៣.ចំពោះសំណុំរឿងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយ​កលនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរាំជធានី-ខេត្តដែលមានការពាក់ព័ន្ធទាំងអស់សហការជា​មួយស្ថាប័នតុលាការ ដើម្បីជំរុញដំណើរការនីតិវិធីឲ្យបានឆាប់រហ័ស ស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print