ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ) នៅថ្ងៃនេះលោកបានតបឆ្លេីយទៅស្ថានទូតអាមេរិក ក៏ដូចជាអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងចំណត់ការតុលាការលេីបុគ្គលពីររូបឈ្មោះ យាង សុធារិន្ទ និងលោក អ៊ួន ឈិន តាមរយ:ហ្វេសប៊ុករបស់លោកផ្ទាល់ បានសរសេរថា ការទម្លាក់ ឬមិនទម្លាក់ចោលការចោទប្រកាន់ជាឆន្ទានុសិទ្ឌិរបស់តុលាការ ដោយផ្អែកតាមលទ្ធផលនៃការស៊ើបសួរ លើអង្គហេតុ និងភស្តុតាងស្របតាមស្មារតីនៃច្បាប់កម្ពុជា។
លោកបានសរសេរបញ្ជាក់បន្ថែមថា សូមភាគីពាក់ព័ន្ធនៃសំណុំរឿងត្រូវប្រើប្រាស់សិទ្ធិការពារខ្លួនដែលមានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍របស់ខ្លួន ដោយបង្ហាញភាពស្អាតស្អំរបស់ខ្លួននៅចំពោះមុខតុលាការ។
ការតបឆ្លេីយរបស់លោក គឹម សន្តិភាព បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ទូត អាមេរិកប្រចាំកម្ពុជាបានសរសេរបង្ហោះ មានខ្លឹមសារដូច្នេះថា ថ្ងៃនេះគឺជាថ្ងៃខួបលើកទី ២ នៃការចាប់ខ្លួនអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួន ២ រូប គឺលោក អួន ឈិន និងលោក យាង សុធារិន នៅកម្ពុជា។ ការចាប់ខ្លួន ការឃុំខ្លួនដ៏យូរ និងដំណើរការកាត់ក្តីដែលអូសបន្លាយវែង នៃអ្នកសារព័ត៌ទាំងពីររូបនេះ ដែលកំពុងបំពេញការងាររបស់គេ បំផ្លាញសេរីភាពសារព័ត៌មាន ហើយធ្វើមិនឲ្យអ្នកដទៃទៀតចង់ធ្វើការងារដ៏សំខាន់ផ្នែកសារព័ត៌មាន។
ខ្លឹមសារបន្តថា ការទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានទាំង ២ រូបនេះ ហើយផ្តល់ឲ្យពួកគេវិញនូវសិទ្ធិនិងសេរីភាពពេញលេញរបស់គេនឹងកែតម្រូវឡើងវិញនូវអំពើអយុត្តិធម៌ គោរពតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសប្រជាធិបតេយ្យ។
ចំណែកបុគ្គលដែលជាប់ក្នុងចំណាត់ការ តុលាការឯណេះវិញក៏បានសរសេរបង្ហោះមានខ្លឹមសារនៅលេីហ្វេសប៊ុក របស់ខ្លួនថា យើងខ្ញុំសូមសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អង្គការលើកលែងទោស អន្តរជាតិ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មូលនិធិ Clooney ដើម្បីយុត្តិធម៌ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រធានវិទ្យុអាស៊ីសេរីទាំងគ្រប់ភាសា ដែលបានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យតុលាការកម្ពុជាទម្លាក់ចោលបទចោទ ប្រកាន់ទាំងអស់មកលើខ្ញុំបាទ យាង សុធារិន្ទ និងលោក អ៊ួន ឈិន នៅចំខួប២ឆ្នាំនៃការចាប់ខ្លួនយើងខ្ញុំ ថ្ងៃទី១៤ វិច្ឆិកា ២០១៧ – ១៤ វិច្ឆិកា ២០១៩ ។
យើងខ្ញុំសង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទ ចោទប្រកាន់ និងផ្តល់សិទ្ធិសេរីភាពពេញលេញជាពលរដ្ឋឲ្យយើងខ្ញុំវិញ ៕ ដោយ ៖ ជាយក្រុង