ខេត្តតាកែវ ៖ បច្ចុប្បន្នសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មាន៤០ប្រភេទផ្សេងគ្នា ក្នុងនោះមាន ប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ ។ នេះបេីតាមការអះអាងពីមន្ត្រិបរិស្ថានដែលបានចុះសិក្សា ។
មន្ត្រីបរិស្ថានឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃម្សិលមិញទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩បានចុះសិក្សាពិនិត្យឃើញថា នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ថតបានហ្វូងសត្វកុកចុះស្វែងរកចំណីយ៉ាងច្រើន និងរស់នៅ ដោយរីករាយ។
គួរកត់សម្គាល់ថា ថ្មីៗកន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅសិក្សាអំពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបានរកឃើញសត្វស្លាប ៤០ប្រភេទផ្សេងគ្នា ក្នុងនោះមានប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ។
សូមរំលឹកថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ៨.៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែល សម្បូរទៅដោយសត្វស្លាបព្រៃ ។ តំបន់ការពារ ទេសភាព បង្កើតឡើងដើម្បីធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះនិងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការ ប្រើប្រាស់ប្រកប ដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសាធារណជនក្នុងការរួមចំណែក ដល់ ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ ការពារធម្មជាតិ ៕ ដោយ ៖ ជាយក្រុង