ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិច បានសរសេរបង្ហោះលើហ្វេសប៊ុកថា សម្តេចអាក់ខានក្នុងការចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ «ប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ» ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងនាពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែបានចាត់ឲ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យសម្តេចចូលរួមក្នុងកិច្ចប្រជុំនេះ ។
ការអាក់ខានរបស់សម្តេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសកូរ៉េ ត្រូវបានសម្តេចបញ្ជាក់ដូច្នេះថា ពេលនេះ សម្តេចកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់ និងពិនិត្យឃើញថា ពិបាកនឹងសង្រ្គោះបាន ។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលសម្តេចត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ ។
សម្តេចបញ្ជាក់ទៀតថា ដោយបំពេញភារកិច្ចជាកូន សម្តេចគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងលោក ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ ។
សម្តេច ក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយសម្តេច នៅល្ងាច ថ្ងៃទី២៤ វិច្ឆិកា ២០១៩ ស្អែកនេះ ។
ក្រៅពីសុំការយោគយល់ក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចក៏សូមការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យសម្តេចរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណ ដែលជាការជូនដំណើរចុងក្រោយ ដែលគ្មានថ្ងៃវិលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់ ៕