ពេលថ្មីៗនេះ អាមេរិកបានផ្តល់អំណោយដល់អ៊ីស្រាអែលយ៉ាងធំ តាមរយៈការទទួលស្គាល់តំបន់នានាដែល អ៊ីស្រាអែលឈ្លានពានប្រទេសជិតខាងថាជាដែនដីស្រាប់ច្បាប់របស់អ៊ីស្រាអែល ។ ប៉ុន្តែ ជានយោបាយអយុត្តិធម៌មួយទៀតសម្រាប់ប្រជាជនម្ចាស់ដី ប៉ាឡេស្ទីន ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានថ្លែងអំណរគុណសម្រាប់អំណោយរបស់លោកដូណាល់ត្រាំ ។ ការប្រកាសរបស់អាមេរិកមានន័យខ្លាំងណាស់សម្រាប់ប្រជាជនអ៊ីស្រាអែល ៦សែននាក់ ដែលកំពុងរស់នៅទឹកដីស៊ីហ្សកដានី។ សម្រាប់ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នយោបាយរបស់អាមេរិកគឺត្រឹមត្រូវ ណាស់ព្រោះថា ប្រជាជនអ៊ីស្រា អែល មិនអាចជាម្ចាស់អាណានិគម បរទេសនៅលើទឹកដីដូនតារបស់ពួកគេនោះទេ។ រហូតមក អ៊ីស្រាអែលតែងទាមទារថា ទឹកដីស៊ីហ្សកដានី ធ្លាប់ជាផ្នែកមួយ នៃ ទឹកដីកំណើតរបស់ព្រះJudeaរបស់ប្រជាជនជ្វីហ្វ។
អាមេរិករបស់លោកដូណាល់ ត្រាំ បានប្រកាសចាត់ទុក សំណង់អាណានិគមកិច្ចថា មិនមែនជារឿងខុសច្បាប់អន្តរជាតិ។ វាប្រៀបបាននឹងភ្លើងខៀវ លើកទឹកចិត្តឲ្យអ៊ីស្រាអែល កាន់តែបានដៃ ពង្រីកសំណង់អាណានិគមកិច្ចរបស់ខ្លួន នៅស៊ីហ្សកដានី តទៅទៀត ដោយលែងខ្លាច រអែងអ្វីទាំងអស់ ។
សម្រាប់ប្រជាជនប៉ាឡេស្ទីន ការសម្រេចរបស់រដ្ឋបាលអាមេរិកចុងក្រោយនេះ មិនតឹ្រមតែ មើលងាយ បញ្ចុះតម្លៃ ច្បាប់អន្តរជាតិ តែប៉ុណ្ណោះទេ ប៉ុន្តែ វារឹតតែធ្វើឲ្យចរចា ឈានទៅរកដំណោះស្រាយ សម្រាប់បង្កើតរដ្ឋពីរជិតគ្នា គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន កាន់តែគ្មានទៅទៀត។ ផ្ទុយទៅវិញ ការសម្រេចរបស់អាមេរិក នឹងជំរុញ ឲ្យមានអំពើហិង្សា ការងើបបះបោរ សងសឹកសម្លាប់គ្នាមិនឈប់ រវាងប្រជាជនទាំងពីរជាតិសាសន៍ ប៉ាឡេស្ទីន និងអ៊ីស្រាអែល ។
អាមេរិករបស់លោកដូណាល់ ត្រាំកំពុងប្រឈមនឹងការរិះគន់ពីសហគមន៍អន្តរជាតិ បន្ទាប់ពីបានប្រកាស កាលពីថ្ងៃចន្ទ លែង ចាត់ទុកសំណង់អាណានិគមកិច្ចអ៊ីស្រាអែល ក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន ថា ជារឿងខុសច្បាប់តទៅទៀត។ សម្រាប់អង្គការសហប្រជាជាតិ ការផ្លាស់ប្តូរជំហររបស់ប្រទេសអាមេរិកតែមួយ នឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់លក្ខន្តិកៈរបស់សំណង់អាណានិគមកិច្ចអ៊ីស្រាអែល ដែលអង្គការសហប្រជាជាតិចាត់ទុកថា ខុសច្បាប់អន្តរជាតិរហូតមកនោះទេ ។
តាមរយៈ អ្នកនាំពាក្យ តាំងពីទីក្រុងហ្សឺណែវ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រតិ កម្មខ្លាំង ទៅនឹងការសម្រេចចិត្តរបស់អាមេរិក ដែលលែងចាត់ទុកសំណង់អាណានិគមកិច្ចអ៊ីស្រាអែល ថា រឿងខុសច្បាប់អន្តរជាតិ តទៅទៀត។ សម្រាប់ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ ការផ្លាស់ប្តូរចិត្ត របស់អាមេរិកដែលជាប្រទេសមួយ នឹងមិនអាចទៅប្តូផ្លាស់ ច្បាប់អន្តរជាតិ ឬអាចបកស្រាយតាមចិត្តរបស់ខ្លួន នូវ ការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះទេ។
តាមអ្នកនាំពាក្យខាងលើ ឧត្តមស្នងការសិទ្ធិមនុស្ស នឹងនៅបន្ត គោរពតាមខ្សែបន្ទាត់របស់អង្គការសហប្រជាជាតិ ដែលថា សំណង់អាណានិគមកិច្ចអ៊ីស្រាអែល កំពុងរំលោភច្បាប់អន្តរជាតិ ព្រោះវាសាងសង់ឡើង នៅលើទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានរំលោភយកមកគ្រប់គ្រងដោយខុសច្បាប់។
សហភាពអឺរ៉ុប នៅថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់សាជាថ្មី ថា ខ្លួននៅតែចាត់ទុកសំណង់អាណានិគមកិច្ចរបស់អ៊ីស្រាអែល ថា ខុសច្បាប់។ រហូតមក សហភាពអឺរ៉ុបមានជំហរផ្ទុយ ពីអាមេរិកដែលគាំទ្រ មិនងាករេ នយោបាយអាណានិគមកិច្ចរបស់អ៊ីស្រាអែល។ កាលពីសប្តាហ៍មុន តុលាការយុត្តិធម៌អឺរ៉ុបទើបតែបានចេញបញ្ជាឲ្យផលិតផលរបស់អ៊ីស្រាអែលទាំងអស់ត្រូវសរសេរបញ្ជាក់ពីទីតាំងផលិតរបស់ខ្លួន ដូចជានៅតំបន់អាណានិគមកិច្ចនៅទឹកដីស៊ីហ្សកដានីជាដើម។
នៅថ្ងៃអង្គារម្សិលមិញ ភាគីប៉ាឡេស្ទីនបានអំពាវនាវឲ្យសម្ព័ន្ធអារ៉ាប់ កោះប្រជុំបន្ទាន់ នៅក្រោយអាមេរិកផ្លាស់ប្តូរជំហរជុំវិញរឿងសំណង់អាណានិគមកិច្ចអ៊ីស្រាអែល។ អេហ្ស៊ីប និងហ្សកដានី ប្រទេសអារ៉ាប់ តែពីរ ដែលបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល បានរិះគន់ នយោបាយអាមេរិក និងបានព្រមានពីផលវិបាក ដ៏គ្រោះថ្នាក់។ ចំណែក តួកគីដែលចេញមុខ គាំទ្រប៉ាឡេស្ទីនរហូតមក បានប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់អាមេរិក ដោយថា គ្មានប្រទេសណាមួយ ដែលស្ថិតនៅពីលើច្បាប់អន្តរជាតិនោះទេ។
អ្នកតំណាងប៉ាឡេស្ទីន សម្រាប់ការចរចា លោកSaeb Erekat បានអះអាងថា ភាគីប៉ាឡេស្ទីនចាត់វិធានការជាច្រើនដើម្បីប្រឆាំងនឹងការសម្រេចរបស់អាមេរិក ដូចជាសុំឲ្យមានការពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ តាមអ្នកតំណាងប៉ាឡេស្ទីន គេនឹងប្តឹងទៅអង្គការសហប្រជាជាតិ និងសុំឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេត ជាផ្លូវការ ទៅលើសំណង់អាណានិគមកិច្ចអ៊ីស្រាអែលនៅទឹកដីស៊ីហ្សកដានី។
តាមអ្នកវិភាគនយោបាយអាមេរិក លោកដូណាល់ ត្រាំបានផ្លាស់ប្តូរ ជំហរនយោបាយការបរទេសអាមេរិក នៅពេលនេះ ក្នុងបំណងទាក់ទាញ ម្ចាស់សំឡេងឆ្នោត នៅក្នុងក្រុម គ្រិស្តសាសនិក Evengeliste ដែលមាននិន្នាការគាំទ្រ បុព្វហេតុជនជាតិអ៊ីស្រាអែល ៕

US President Donald Trump may recognize Jerusalem as the capital of Israel. The international community says Jerusalem’s status must be negotiated between Israelis and Palestinians. Israel occupied east Jerusalem in the 1967 Six-Day War and later annexed it in a move never recognised by the international community.
/ AFP PHOTO / THOMAS COEX (Photo credit should read THOMAS COEX/AFP/Getty Images)