ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅពេលប្តីជិះម៉ូតូឌុបប្រពន្ធ ក្នុងគោលបំណងទៅផ្ទះ តែជាអកុសលបានរេចង្កូតដួលបោកក្បាលលើថ្នល់ ប្តីបានស្លាប់ រីឯប្រពន្ធរបួសស្រាល កាលពីវេលាម៉ោង៩៖១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវហាយវ៉េ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា អ្នកទាំងពីរនាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខបាត់ដំបង 1F-3641 ប្តីជាអ្នកបើកបរឈ្មោះ បូ សារុំ អាយុ៤៧ឆ្នាំ បម្រើការងារនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់ទទឺង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមដំណើរដោយប្រពន្ធឈ្មោះ មួន វ៉ុន អាយុ៥៨ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យប្តីបានស្លាប់ និងប្រពន្ធរបួសស្រាល ។ ក្រោយពិនិត្យនិងធ្វើកំណត់ហេតុចប់សព្វគ្រប់ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅអន្លង់វែង ៕ ប៊ុនរិទ្ធី