ភ្នំពេញ៖ ព្រឹត្តិការណ៍សម្តែងល្ខោនខោលមានឈ្មោះថា “រាត្រីចងចាំ” នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការសម្ដែងល្ខោនខោល ឈុតធំជាប្រវត្តិសាស្ត្រមិនធ្លាប់ ដើម្បីអបអរសាទរការដាក់បញ្ចូល ល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។
កម្មវិធីនេះក៏ជាការរំលឹកនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូនីស្កូដូចជា របាំព្រះរជាទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ចាប៉ីដងវែង.ល.។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យមហាជន បានឃើញកាន់តែច្បាស់ពីកិត្យានុភាពនៃវប្បធម៌ខ្មែរ។លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល និងមានគោលដៅចង់ឲ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ។
បើតាមការបង្ហោះរបស់ក្រុមយុវជនល្ខោនខោលឱ្យដឹងថា ការសម្ដែងដ៏អស្ចារ្យដែលមាមសិល្បៈករ សិល្បៈការិនី រហូតដល់២៨០នាក់ នេះនឹងប្រព្រឹត្តិឡើងនៅបរិវេណព្រះលានជល់ដំរី លើទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី២៨ វិច្ឆិកា ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះក ដើម្បីញ៉ាំងឱ្យមហាព្រឹត្តិការណ៍សម្ដែងល្ខោនខោលនេះ កាន់តែអស្ចារ្យទ្វេឡើង និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែថ្កុំថ្កើង ៕