ភ្នំពេញ៖ កន្លងទៅនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ លោក ជ័យ សុវ៉ាត បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំង នឹងស្នាដៃបទចម្រៀង”ស្រលាញ់អូនដល់កាន់ឈើច្រត់”។ បន្ថែមរសជាតិថ្មីបំពេញចិត្តអ្នកគាំទ្របន្ថែម តារារូបនេះបានដឹកដៃប្អូនស្រីខ្លួនឯងថតបទចម្រៀងមួយនេះនៅលើទឹកដីនៃប្រទេសកូរ៉េ។
គេចាំបានថាបទចម្រៀងថ្មីៗរបស់ ជ័យ សុវ៉ាត ជាច្រើនបទក្នុងផលិតកម្មសាន់ដេជាបន្តបន្ទាប់ បានអង្រួនចិត្ត យុវវ័យខ្លាំង។ តារារូបនេះក៏ត្រូវបានក្រុមការងារផលិតកម្មវិធីសិល្បៈនៅប្រទេសកូរ៉េពេញចិត្ត និងអញ្ជើញផ្តល់កិត្តិយសក្នុងនាមជាតារាចម្រៀងពីកម្ពុជាចូលរួមច្រៀងក្នុងព្រឹត្តិការណ៍តូចធំនានាជាបន្តបន្ទាប់។ ឆ្លៀតពីការចេញច្រៀងតារារូបនេះក៏បាននាំក្រុមគ្រួសារចេញទៅកម្សាន្តនៅទីនោះផងដែរ ។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលគឺលោកបានបង្ហាញមុខនារីម្នាក់នៅលើបណ្តាញសង្គមរហូតធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងផងដែរ។ តារារូបនេះលើកឡើងថា នារីស្រស់សោភារូបនោះមានឈ្មោះកញ្ញា ហេង ស្រីណែត ជាប្អូនស្រីពៅ។ លោកថាគ្រានោះលោក បានចេញទៅសម្តែង ច្រៀងរាំនៅកូរ៉េហើយលោកក៏បានឆ្លៀតពេលទំនេរខ្លះ ក៏បាន សម្តែងបទចម្រៀង”ស្រលាញ់អូនដល់កាន់ឈើច្រត់” ថ្មីបែបនៅកូរ៉េមួយបន្ថែមទៀតតម្រូវចិត្តអ្នកគាំទ្រ។
លោកថានេះគឺជារសជាតិថ្មី និងការសម្តែងរួមគ្នាលើកដំបូងជាមួយប្អូនស្រី ហើយបើទោះបីនាងមិនមែនជាសិល្បករអាជីព ប៉ុន្តែលោកយល់ថានាងអាចសម្តែងបានល្អច្រើន ហើយរំពឹងថានឹងទទួលបានការពេញចិត្តជាថ្មីពីអ្នកគាំទ្រលោក។ លោកថាបទចម្រៀងនេះនឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយដែលលោកបញ្ជាក់ថាពិតជាប្លែកដែលបានផ្តិតយកទេសភាពស្រស់ត្រកាលនៅលើទឹកនៃប្រទេសកូរ៉េចែកជូនទស្សនិកជនទស្សនា៕ ដោយ វឌ្ឍនា