ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ គ្រោងដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈតភ្ជាប់ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យលើកដំបូង ក្នុងពេលឆាប់ៗនេះ។ ការដាក់ឱ្យដំណើរការនេះ គឺនឹងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅកាន់គោលដៅខាងលើប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការចំណាយខ្ពស់របស់ប្រជាពលរដ្ឋ។
អភិបាលខេត្តបន្ទាយលោក អុំ រាត្រី បានថ្លែងថា រដ្ឋបាលខេត្តបានសម្រេច ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ២០នាទីម្ដង ដែលតភ្ជាប់ចរាចរណ៍ប្រជុំជនទាំងពីរ ប្រើប្រាស់មុនគេបង្អស់ បន្ទាប់ពីក្រុងភ្នំពេញ ដោយផ្ដល់ជួន ប្រជាពលរដ្ឋដោយមិនគិតថ្លៃរយៈពេល ៣ខែ។ គោលបំណងនៃការដាក់ឱ្យដំណើរនេះ គឺសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែភាពល្អប្រសើរ។លោកបានបន្ថែមថា សេវារថយន្តក្រុងខាងលើនេះទទួលបានការគាំទ្រពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយនឹងរថយន្ត ១៥ គ្រឿង និងអាចដាក់ឱ្យដំណើរការនៅឆ្នាំ២០២០។ ជំហានបន្ទាប់នឹងអាចដាក់ឱ្យដំណើរការពីក្រុងប៉ោយប៉ែតឆ្ពោះមកក្រុងសិរីសោភ័ណបន្ថែមទៀត។
លោកបានគាំទ្រទាំងស្រុងចំពោះគម្រោងរថយន្តក្រុងនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់សេវានេះទាំងអស់គ្នា។ ការធ្វើដំណើរពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ។ “ខ្ញុំបានទៅមើលទីតាំងចំណតរួចហើយកាលពីពេលថ្មីៗនេះ។ អញ្ចឹងដំណើរការអាចដើមឆ្នាំក្រោយនេះហើយ”។
គួរបញ្ជាក់ដែរថាខេត្តបន្ទាយមានជ័យនៅប៉ុន្មានឆ្នាំកន្លងមកនេះមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សំគាល់ ពិសេសក្រុងប៉ោយប៉ែតតែម្តងដែលបានទាក់ទាញគម្រោងវិនិយោគជាច្រើនដូចជាមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាដើម ក្នុងទំហំសាច់ប្រាក់រាប់រយលានដុល្លារអាមេរិក៕ ដោយ វឌ្ឍនា