Update ៖ ប្រតិបត្តិការបង្ក្រាបរយៈពេល២ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ដកហូតថ្នាំញៀនជិត១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម 

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីនគរបាលក្រសួងមហាផ្ទៃបានប្រាប់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួនពីរទីតាំង ក្នុងខណ្ឌបឹងកេងកង និង ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះកន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រមាណជិត១០០គីឡូក្រាម និងសារធាតុគីមី សម្រាប់ផ្សំ​ ប្រមាណជាង២៨គីឡូក្រាម ។

មន្ត្រីបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងចំនួនពីរទីតាំង ទី១-ធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង២៣៖៥០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលេខ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ឃាត់ខ្លួន ជន​ជាតិ​វៀតណាមចំនួន០៤នាក់ រួមជាមួយថ្នាំញៀនចំនួនប្រហែល​១០គីឡូក្រាម និងទី២-ធ្វើនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចព្រំប្រទល់ រវាងសង្កាត់ព្រែកថ្មីនិងសង្កាត់ព្រែកឯង ផ្ទះលេខ៤៧ ផ្លូវលេខ១១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដកហូតបាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់, ក្រាមពណ៌ត្នោត ២០កញ្ចប់, សារធាតុរាវ​៣៨ដប, សារធាតុរាវពណ៌ខ្មៅ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២), ឧបករណ៍​ផលិតកែច្នៃមួយចំនួនសារធាតុរាវពណ៌ស ១ប៊ីដុង ។

សរុបប្រមូលវត្ថុតាងទាំងពីរទីតាំង ៖ មេតំហ្វេតាមីន (ICE) ៩៩២៧.៣២ក្រាម, អិចស្តាស៊ី (MDMA) ទម្ងន់​៧៤៧៦៩.២៥ក្រាម (សរុបសារធាតុញៀនជាង៨៤គីឡូក្រាម) និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម ។ បន្ទាប់​ពីនគរបាលនាំជនសង្ស័យចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន នៅទីតាំងខាងលើរួចមកនគរបាលបាននាំជនសង្ស័យ និងវត្ថុតាងមកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print