ភ្នំពេញ ៖ អំឡុងកាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួន២ខ្សែជាផ្លូវការ ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងញូវដេលី។ ជាមួយនឹងផ្លូវហោះហើរទាំង២នេះ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតចំនួន២ របស់វៀតណាម ជាមួយនឹងរដ្ឋធានីដ៏ស្រស់ស្អាត និងមានលក្ខខណៈពិសេសប្លែកគឺញូវដេលី របស់ឥណ្ឌា។
ផ្លូវហោះហើររវាងទីក្រុងហាណូយ-ញូវដេលី នឹងប្រតិបត្តិការហោះហើរទៅ-មក ចំនួន៣ជើង ក្នុង១សប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដែលចាប់ផ្តើមពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ។ ផ្លូវហោះហើរនេះ ចេញដំណើរពីទីក្រុងហាណូយ នៅម៉ោង ៧:១០ យប់ និងទៅដល់ទីក្រុងញូវដេលី នៅម៉ោង ១០:៥០ យប់។ ការហោះហើរវិលត្រឡប់មកវិញ ពីទីក្រុងញូវដេលី ចេញដំណើរនៅម៉ោង ១១:៥០ យប់ និងចុះចតនៅទីក្រុងហាណូយនៅម៉ោង ៥:២០ ព្រឹក (ម៉ោងទាំងអស់គឺជាម៉ោងក្នុងស្រុក)។ ផ្លូវហោះហើររវាងទីក្រុងហូជីមិញ-ញូវដេលី នឹងប្រតិបត្តិការហោះហើរទៅ-មក ចំនួន៤លើកក្នុង១សប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដែលចាប់ផ្តើមនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នេះតទៅ។ ការហោះហើរ ចាប់ផ្តើមចេញដំណើរពីទីក្រុងហូជីមិញ នៅម៉ោង ៧:០០ យប់ និងទៅដល់ទីក្រុងញូវដេលី នៅម៉ោង ១០:៥០ យប់។ ការហោះហើរត្រឡប់មកវិញពីទីក្រុងញូវដេលី ចាប់ផ្តើមនៅម៉ោង ១១:៥០ យប់ និងទៅដល់ទីក្រុងហូជីមិញ នៅម៉ោង ៦:១០ ព្រឹក ។
ក្នុងនាមជាគោលដៅមួយ ប្រទេសឥណ្ឌា មានភាពល្បីល្បាញទៅលើការមានវប្បធម៌ចម្រុះជាច្រើន សាសនារាប់មិនអស់ អាហារដ៏ឈ្ងុយឆ្ងាញ់ដ៏មិនគួរឲ្យជឿ និងតំបន់ទេសចរណ៍ដ៏ប្រណិតជាច្រើនសន្ធឹកសន្ធាប់។ ជាមួយនឹងការមានទិដ្ឋភាពដ៏អស្ចារ្យ និងទាក់ទាញជាច្រើន ប្រទេសឥណ្ឌា ទាក់ទាញភ្ញៀវទេសចរដ៏ច្រើនកុះករ ដោយសារតែមានកន្លែងបិតិកភ័ណ្ឌពិភពលោកដ៏ពិសេសជាច្រើនកន្លែងរបស់ខ្លួន។ ភ្ញៀវទេសចរជាច្រើនធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងគោលបំណងចូលរួមក្នុងធម្មយាត្រាសាសនា តាមរយៈការធ្វើដំណើរទៅកាន់តំបន់ជាច្រើន ដូចជា វិហារ Bodh Gaya ដែលគេជឿថា ជាកន្លែងព្រះពុទ្ធ បានទទួលការត្រាស់ដឹង។
ជាមួយគ្នានេះ ប្រទេសវៀតណាម ក៏មានបិតិកភ័ណ្ឌពិភពលោកដែលស្ថិតក្នុងបញ្ជីរបស់អង្គការយូណេស្កូ និងតំបន់ឆ្នេរដ៏ស្រស់ស្អាតជាច្រើនកន្លែងផងដែរ ដែលនឹងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា។ រដ្ឋធានីហាណូយ គឺជាទីក្រុងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ប្រជុំដោយវប្បធម៌ដ៏សម្បូរបែប និងបរិយាកាសដ៏ពិសេសប្លែកពីគេ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទេសចរណ៍ធំជាងគេបំផុតរបស់ប្រទេសវៀតណាម ទីក្រុងហូជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតមួយផងដែរ និងទីក្រុងមួយ ដែលភ្ញៀវទេសចរណ៍នឹងរកឃើញពីសម្រស់ដ៏ស្រស់ស្អាត ក៏ដូចជាភាពរស់រវើក និងពោរពេញដោយថាមពលរបស់ទីក្រុងនេះ៕ ដោយ វឌ្ឍនា