ភ្នំពេញ៖ តារាចម្រៀងត្រកូលអោក គឺអ្នកនាង អោក សុម៉ាលីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពីបញ្ចេញបទចម្រៀងថ្មី Original Song យ៉ាងក្រអួនទាក់ចិត្តអ្នកគាំទ្រគឺបទ”ស្តាយក្រោយ” ។ ការបង្ហាញវត្តមានជាថ្មីនេះគឺក្រោយពីនាងបានបាត់មុខពីសិល្បៈអស់មួយរយៈពេល។
បទ”ស្តាយក្រោយ” ជាស្នាដៃនិពន្ធទំនុកច្រៀងថ្មីដោយអ្នកនិពន្ធលាក់មុខ រហ័សនាម សារិកាកែវ គ្រាដែលអ្នកនិពន្ធរូបនេះធ្លាប់បញ្ចេញបទចម្រៀងមួយចំនួនដែលទទួលបានការពេញចិត្តខ្លាំងពីអ្នកស្តាប់រួចមកហើយ។ ចាយប្រាក់ទាំងការរៀបចំបទចម្រៀង និងសាច់ភ្លេងមិនក្រោម១ម៉ឺនដុល្លារអាមេរិក បទចម្រៀងមនោ សញ្ចេតនាស៊ីជម្រៅថ្មីនេះហាក់បានអន្ទងអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែងអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀងដែលថ្លែងរៀបរាប់រឿងរ៉ាវខកចិត្តព្រោះតែរត់ចោលបុរសស្មោះស្ម័គ្រទៅតាមបុរសអ្នកមានចាយលុយដុល្លារភ្លេចគ្រាកម្សត់កម្រជាមួយអតីតស្វាមី។
ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង អោក សុម៉ាលីតា បញ្ជាក់ ថា នាងសប្បាយចិត្តដែលទទួលបានឱកាសបង្ហើរសំនៀងជាថ្មីក្រោមស្នាដៃនិពន្ធរបស់កវីខាងលើ។ នាងថាសូមកោតសរសើរចំពោះទឹកចិត្តចំណាយទាំងថវិកា ពេលវេលា ការពន្យល់ណែនាំ និងការជំរុញលើកទឹកចិត្តឲ្យស្នាដៃមួយនេះលេចជារូបរាង ហើយនាងចាត់ទុកថាជាសំណាងមួយដែលបានបង្ហើរសំនៀងចែកជូនទស្សនិកជនស្តាប់កម្សាន្ត។
តារាស្រីរូបនេះលើកឡើងដែរថា បទចម្រៀងនេះក៏ជាសាររៀបរាប់តបទៅនឹងបទចម្រៀងបទ ”ប្រាក់រៀលចិត្តស្មោះ” របស់លោក ជុំ លីណូ ផងដែរ។ លោកថាបទចម្រៀងទាំងពីរគឺជាស្នាដៃនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងរបស់កវីតែម្នាក់គឺអ្នកស្រី សារិកាកែវ។ ការបញ្ចេញបទចម្រៀងថ្មីអមដោយសារផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រោះតែសេចក្តីស្រលាញ់ គោរព និងកោតសរសើរពីវីរភាព និងការលះបង់របស់សម្តេចទាំងពីរចំពោះប្រជាជនកម្ពុជា ក៏ដូចជាសិល្បករទាំងអស់។
អោក សុម៉ាលីតា បញ្ជាក់ដែរថារយៈពេលប៉ុន្មានខែចុងក្រោយនេះនាងរវល់នឹងការងាររកស៊ីមួយចំនួនទើបខកខានក្នុងការបង្ហាញមុខ ហើយរូបរាងក៏ប្រែក្លាយជាមានសាច់ច្រើនជាងមុន។ ទោះជាយ៉ាងណាការបង្ហាញបទចម្រៀងថ្មីនេះក៏ជាសញ្ញានៃការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មី ដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាងបញ្ជាក់ដែរថាបទចម្រៀងពេញនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ ខណៈការផលិតចេញជាMV ក៏នឹងគ្រោងនៅពេលបន្ទាប់ផងដែរ៕ ដោយ វឌ្ឍនា