ខេត្តកំពង់ចាម ៖ យ៉ាងតិចមានមនុស្សចំនួន៥នាក់បានរបួសធ្ងន់ ក្នុងនោះមានក្មេងតូចៗ២នាក់ ដោយ សារគ្រោះថ្នាក់រអិលរថយន្តថយក្រោយនៅពេលបើកឡើងចេញពីទូកកំពង់ចម្លងព្រែកពោធិ៍ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ។
អធិការនគរបាលស្រុកស្រីសន្ធរ លោក សុខ យ៉េន ប្រាប់សារព័ត៌មានថា នៅពេលវេលាថ្ងៃកើតហេតុ មន្រ្តីយោធាម្នាក់ បម្រើការងារនៅភូមិភាគ២បានបើករថយន្តឡើងពីកំពង់ចម្លងព្រែកពោធិ៍ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្រាប់តែរអិលថយក្រោយ បណ្តាលឲ្យបុកនិងគៀបមនុស្សចំនួន៥នាក់រងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចៗ ២នាក់ផងដែរ ។ លោកថា ករណីនេះអាចទំនងអ្នកបើករថយន្តច្រឡំដាក់លេខថយក្រោយរួចជាន់ហ្គែរខ្លាំង ។
លោកបញ្ជាក់ថា រថយន្ដឡិចស៊ីសRX-330 បើកដោយមន្រ្តីយោធាម្នាក់នៅភូមិភាគ២ ឈ្មោះ ទួន អាន អាយុ ៤៨ឆ្នាំ នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនបង្កហេតុត្រូវឃាត់នាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តទៀត រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរបានដែលបានសរសេរកំណត់ហេតុបញ្ជាក់ ថា ៖ ជនដែលរងគ្រោះពីគ្រោះថ្នាក់រថយន្តរអិលបុករួមមាន ៖ អ្នកធ្វើដំណើរនិងតៃកុងទូកសរុបចំនួន៥នាក់ ក្នុងនោះ មានក្មេងតូចៗ២នាក់ ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់រួមមាន៖
-ទី១ ៖ ឈ្មោះ ឈិន គឹមស្រ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ
-ទី២ ៖ ឈ្មោះ ហួត លាងហុង ភេទប្រុស អាយុ២ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍
-ទី៣ ៖ ឈ្មោះ ហួត លាងហួរ ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍
-ទី៤ ៖ ឈ្មោះ សាំង រីម ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិតាគាត់ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
-ទី៥ ៖ ឈ្មោះ ចាន់ អេង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
បច្ចុប្បន្នជនរងគ្រោះម្នាក់កំពុងតែសម្រាកនៅមន្ទីរពេទ្យស្រុកស្រីសន្ធរ និង៤នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរ ពេទ្យនៅឯរាជធានីភ្នំពេញ ៕ ដោយ ៖ វណ្ណៈ