ប្តីយកកាំបិតកាប់ប្រពន្ធនឹងកូនរបួសធ្ងន់ នៅពេលប្រពន្ធសុំប្តីច្រៀងបទ «អ្នកម្តាយកំសត់»

ចែករំលែក៖

ខេត្តកោះកុង ៖ ស្ត្រីនិងកូន២នាក់ ត្រូវជនសង្ស័យជាប្តីនិងជាឪពុក យកកាំបិតកាប់ឲ្យរបួសធ្ងន់ធ្ងរ នៅពេលប្រពន្ធសុំប្តីឲ្យចាក់បទ «អ្នកម្តាយកំសត់» ដើម្បីច្រៀងខារ៉ាអូខេលេងថ្ងៃឆ្លងឆ្នាំ ដែលហេតុប្តីអះអាងថា ម្តាយទើបតែស្លាប់នាំឱ្យពិបាកចិត្ត ហើយយំ តែប្រពន្ធនៅតែទាមទារឲ្យចាក់ទើបធ្វើឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់ប្រើអំពើហិង្សា ។
 
ជនរងគ្រោះម្តាយនិងកូនត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកើតអំពើហិង្សានៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង៣ ៖ ៣០នាទីទៀបភ្លឺនារាត្រីឆ្លងឆ្នាំសកល ស្ថិតនៅចំណុចខារ៉ាអូខេ «សពយុទ្ធជន» ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
 
តាមកំណត់ហេតុសមត្ថកិច្ច ជនសង្ស័យឈ្មោះ អៀង ប៊ុនយឿន ហៅតុលា អាយុ ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ថូ សុខណា អាយុ៣១ឆ្នាំ មុខរបរបើកខារ៉ាអូខេ និងកូន ឈ្មោះ ទុំ សោភា ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស ។ ជនរងគ្រោះទាំង ២នាក់របួសធ្ងន់ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ រីឯជនសង្ស័យ បន្ទាប់ពីប្រើហិង្សាបានព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវសមត្ថកិច្ចសហការគ្នាដេញតាមឃាត់ខ្លួនបាននៅត្រង់ចំណុចផ្លូវលេខ៤៨ ប៉ុស្តិ៍តាតៃក្រោម ។
 
ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ ប្រពន្ធបានរូបគេចាក់បទ ចម្រៀង «អ្នកម្តាយកំសត់» ដើម្បីច្រៀងលេងកម្សាន្ត ហើយ Live តាមទូរស័ព្ទទៀត តែរូបគេ (ជនសង្ស័យជាប្តី) មិនព្រមឱ្យចាក់បទនោះទេ ដោយហេតុថា ម្តាយទើបតែស្លាប់ នាំឱ្យពិបាកចិត្ត ហើយយំ តែប្រពន្ធនៅតែចាក់ទើបធ្វើឱ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រើអំពើហិង្សា ។ ទោះយ៉ាងណា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ ជាយក្រុង
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print