ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត

ចែករំលែក៖

ខេត្តកែប ៖ គិតត្រឹមម៉ោង៥៖០០ព្រឹក ថ្ងៃទី០៤មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី៤មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរបង្ហោះនៅព្រឹកថ្ងៃសៅរ៍ទី៤មករានេះ ។

សារបានសរសេរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែបនេះ។ សុខទុក្ខប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទាល់របស់ សម្តេចប្រមុខដឹកនាំ ។ យើងទាំងអស់គ្នាសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូមវិញ្ញាណក្ខ័ន្ធបងប្អូនដែលទទួលមរណៈភាពបានទៅកាន់សុគតិភពកុំបីខាន ។

គួររំឭកថា កាលពីយប់មិញថ្ងៃទី៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នមពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង​៥:០០​ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះយើងបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀតនៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ ។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ​៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់​សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print