ឆ្នាំ២០២០ហើយ ភី ម៉ៃ នៅបន្តប្រកាន់ជំហររើសតែរឿងមានគុណភាពមកសម្តែងដដែល

ចែករំលែក៖

ភ្នំពេញ៖ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែងមាឌធំ ភី ម៉ៃ ទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ខណៈរាល់ភាពយន្តខ្នាតដែលលោកចូលរួមសម្តែងសុទ្ធតែទទួលបានការគាំទ្រច្រើនលើសលប់ពីទស្សនិកជន។ ទោះបីជាតម្លៃខ្លួននៃការសម្តែងក្នុងភាពយន្តមួយមិនអាចធ្វើឲ្យលោកមានជីវភាពហក់ឡើងលឿនមែន ប៉ុន្តែលោកនៅតែទទួលថតតែភាពយន្តដែលលោកយល់ថាមានគុណភាព ដោយមិនទទួលយកតែបរិមាណដើម្បីប្រាក់ឡើយ។ 

មានសិល្បករជាច្រើនបានសម្រុកក្តាប់ឱកាសកំពុងមានឈ្មោះល្បីល្បាញចេញថតភាពយន្តព្រោងព្រាតព្រមៗគ្នា ប៉ុន្តែតារាសម្តែង ភី ម៉ៃ វិញហាក់សំងំថតតែរឿងតិចតួចបំផុតក្នុងមួយឆ្នាំៗ ដែលសូម្បីតែកម្មវិធីទូរ ទស្សន៍ក៏តារារូបនេះកម្រចេញមុខដែរ។ ការប្រកាន់ជំហរខុសពីសិល្បករដទៃនេះក៏ជាចំណុចល្អមួយដែលធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនពេញចិត្តផងដែរ។ តារារូបនេះបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះលោកទទួលថតភាពយន្តតិចតួចបំផុត ព្រោះតែលោកចង់ចូលរួមសម្តែងតែភាពយន្តណាដែលមានសាច់រឿងល្អ ដែលលោកសំលឹងមើលទៅឃើញថានឹងទទួលបានការគាំទ្រច្រើនទើបលោកសម្រេចចិត្តចូលរួមសម្តែង។

លោកថាដូចបញ្ជាក់កន្លងមកដដែលថា មិនមែនលោកវាយឬកទទួលសម្តែងតែភាពយន្តដែលទទួលបានប្រាកកម្រៃខ្ពស់ទេ ប៉ុន្តែលោកមិនចង់ឲ្យអ្នកគាំទ្រលោក សាំ ឬទ្រលាន់ និងភាពដដែលច្រើនពេកនាំឲ្យពួកគាត់ធុញ។ សិល្បករដែលមានអ្នកគាំទ្រភាគច្រើនជាយុវវ័យនេះលើកឡើងដែរថា​ការសម្តែងភាពយន្តក្នុងមួយឆ្នាំ​២ទៅ៣ រឿង មិនអាចធ្វើឲ្យជីវិភាពសិល្បករប្រសើរបានច្រើនទេ ប៉ុន្តែលោកនៅតែរក្សាជំហរដដែលនេះជាជាងទទួលសម្រុកថតមួយឆ្នាំឬពីរឆ្នាំបានច្រើនហើយទស្សនិកជនធុញទ្រាន់ក៏លោកអាចនឹងដួលរលំបាត់ទីផ្សារវិញក៏ថាបាន។

ជុំវិញការលើកឡើងថាលោកចូលរួមសម្តែងឲ្យសម្រាប់តែផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន នោះ លោកបញ្ជាក់ថា លោកមិនមានកិច្ចសន្យាណាមួយជាមួយផលិតកររូបនេះឡើយ ប៉ុន្តែលោកជឿជាក់លើសមត្ថភាពដឹកនាំភាពយន្តកន្លងមករបស់ផលិតកររូបនេះ ហើយក៏ធ្លាប់ឆ្លងកាត់ភាពកម្សត់កម្រ ជាមួយផលិតរូបនេះច្រើនដែលរួមមានទាំងការចចាប់ផ្តើមថតភាពយន្តឲ្យលោកល្បីល្បាញខ្លាំងមានដូចជារឿង “កំណត់ហេតុនាងនាថ”  “សសរកន្លោង” “ឯណាខ្មោច” និងរឿង”កុំងាកក្រោយ” ដែលទើបនឹងផ្ទុះការគាំទ្រថ្មីៗនេះជាដើម។ លោកថាក្នុងភាពយន្ត”សំណើច៦៥២គីឡូម៉ែត្រ” ចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យរបស់ផលិតកររូបនេះក៏លោកនៅតែបន្តមានវត្តមានសម្តែងផងដែរ។ លោកបញ្ជាក់ថានៅតែទទួលយកការសម្តែងពីគ្រប់ផលិតកម្ម ប៉ុន្តែភាពយន្តនោះត្រូវតែស្របតាមលក្ខខណ្ឌដែលលោកចង់បាន ទាំងប្រភេទតួអង្គសម្តែង មានសាច់រឿងល្អ និងផលិតករមានសមត្ថភាពក្នុងការដឹកនាំសម្តែង ខណៈការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងបទចម្រៀងនានាលោកក៏មិនបដិសេធថតនោះដែរ។ 

លោករំពឹងដែរថាការបន្តប្រកាន់ជំហរនេះនឹងមិនធ្វើឲ្យទស្សនិកជនមួយចំនួន ឬផលិតករអន់ចិត្ត រិះគន់ ឬខឹងលោកនោះទេ ព្រោះតែសិល្បករនីមួយៗមានគោលដៅផ្សេងៗពីគ្នា ។ លោកក៏សង្ឃឹមផងដែរថាភាពយន្តថ្មីដែលលោកនឹងចូលរួមសម្តែងនៅដើមឆ្នាំនេះអាចនឹងទទួលបានការពេញចិត្តបន្តទៀតពីអ្នកគាំទ្រ ហើយលោកក៏នឹងព្យាយាមស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់អ្នកគាំទ្រផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print