ភ្នំពេញ៖ ទោះបីជាមានការខិតខំ ប្រឹងប្រែងលុបបំបាត់សេវាសុខាភិបាលខុសច្បាប់យ៉ាងណាក៏ដោយក៏រហូតមក ដល់ពេលនេះនៅមានសេវាថែទាំនិង ពិគ្រោះព្យាបាលខុសច្បាប់ជិត១ពាន់ កន្លែងទៀតនៅទូទាំងប្រទេសដែលបញ្ហានេះទាមទារឱ្យស្ថាប័នពាក់ព័ន្ធនានារួមគ្នាទប់ស្កាត់និងលុបបំបាត់ឱ្យអស់ទាំងស្រុង ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការសុខភាពសាធារណៈ បានឱ្យដឹងថា បច្ចុប្បន្ននេះនៅសល់សេវា ថែទាំនិងពិគ្រោះព្យាបាលខុសច្បាប់សរុប ចំនួន៩៧៣កន្លែងដែលក្នុងនោះអ្នកដើរចាក់ថ្នាំ អត់ច្បាប់មានចំនួន៦៨៤កន្លែង ក្រោយក្រុមអ្នកជំនាញបានធ្វើយុទ្ធនាការលុបបំបាត់អស់ចំនួន១.៣៦៨កន្លែងរួចមក ។
របាយការណ៍ដដែលបានបន្ដថា បច្ចុប្បន្ននេះប្រជាជនយើងបាននិងកំពុងមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ មានការកើនឡើងជាលំដាប់ ។ ដូច្នេះវា ជាកិច្ចការដែលទាមទារឱ្យមានការយកចិត្ដទុកដាក់ធ្វើជាបន្ដទៀតដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុតតាមយន្ដការ វិមជ្ឈការ និងវិសហមជ្ឈការ ដែល ក្រសួងសុខាភិបាលបានចូលរួមអនុវត្ដ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការធ្វើវិមជ្ឈការ និង វិសហមជ្ឈការនេះ ។
គួរបញ្ជាក់ថា មកទល់ពេលនេះសរុប ទូទាំងប្រទេសមានសេវាថែទាំពិគ្រោះ ព្យាបាលចំនួន១០.៤៩៥ក្នុងនោះមាន ៨.១៥៤កន្លែងដែលមានច្បាប់អត់ច្បាប់៩៧៣កន្លែងនិងលុបបំបាត់បាន១.៣៦៨កន្លែងនៅក្នុងឆ្នាំ២០១៥ ។ រីឯមន្ទីរ សម្រាកព្យាបាលជំងឺមានចំនួនសរុប ទូទាំងប្រទេស៤៣១កន្លែងក្នុងនោះមាន ៤២៨កន្លែង ដែលមានច្បាប់មិនទាន់ មានច្បាប់៣កន្លែងដែលកំពុងតែសុំច្បាប់ ដូច្នេះស្ទើរតែ១០០ភាគរយដែលមាន ច្បាប់នៅក្នុងឆ្នាំ២០១៥ ។
ករណីនេះលោក ម៉ម ប៊ុនហេង រដ្ឋ មន្ដ្រីក្រសួងសុខាភិបាលបានប្រកាសជំរុញ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរាយការណ៍ ទៅអាជ្ញាធរដែលនៅជិតខ្លួនប្រសិនបើ រកឃើញថា មានអ្នកលក់ថ្នាំពេទ្យ ឬ ឱសថស្ថានបានធ្វើសកម្មភាពផ្សំថ្នាំ ព្យាបាលជំងឺនិងចែកចាយឱសថក្លែងក្លាយ ជូនឱ្យប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ។ ក្នុងនោះលោករដ្ឋមន្ដ្រីក៏បានជំរុញឱ្យ ប្រជាពលរដ្ឋត្រូវប្ដឹងទៅក្រសួងសុខាភិ បាលមន្ទីរសុខាភិបាលឬប្ដឹងទៅនគរ បាលឬអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានប្រសិនបើមានកន្លែងលក់ឱសថ ខុសតួនាទីនេះ ។ ការជំរុញឱ្យប្រជាពល រដ្ឋបង្កើនការប្ដឹងនោះបានធ្វើឡើងបន្ទាប់ពីមានក្រុមគ្រូពេទ្យលក់ឱសថគ្មានសញ្ញា បត្រហើយមានចំណេះបន្ដិចបន្ដួចបន្លំ ខ្លួនកេងចំណេញផ្សំថ្នាំដោយគ្មានភាព ច្បាស់លាស់ ៕
ដោយ៖ វិបុល