នំពេញ ៖ លោកស្រី ឃី ជឺ អាយុ ៥៦ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់ បានប្តឹងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធការសមគំនិតលក់ដីវត្តគោកបញ្ជាន់ដ៏ចម្រូងចម្រាស ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំឲ្យតុលាការ ចោទប្រកាន់ ចាប់ឃុំខ្លួន និង ផ្តន្ទាទោសតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានរៀបរាប់ថា តុលាការកំពុងដំណើរការសំណុំរឿងព្រហ្មទណ្ឌលេខ២៥៣៣ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដោយបានកោះហៅអ្នកពាក់ព័ន្ធករណី លួចលក់ដីគរុភណ្ឌរបស់វត្តគោកបញ្ជាន់ ទំហំ ៧ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ ដែលទីតាំង ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានសមាជិកគណៈកម្មាការវត្តចំនួន ៧រូប និងព្រះអង្គ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ផងដែរ ។ ប៉ុន្តែមកដល់ពេលនេះ តុលាការពុំទាន់បានកោះហៅលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលជាអ្នកចុះហត្ថលេខាលើឯកសារផ្ទេរកម្មសិទ្ធិដីវត្តគោកបញ្ជាន់ លេខ៨៩៣៣ ប ជ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅឡើយទេ ។
ពាក្យចាស់លោកពោលថា ដីវត្ត គឺទឹកមួយថ្លុក ដីមួយដុំដែលជាដីគរុភណ្ឌវត្តមិនអាចបុគ្គលណាមួយអាចលក់ដូរឬកាត់ច្រៀកហែកចែកគ្នាបាននោះទេគឺបាបកម្មខ្លាំងណាស់ យកលុយលក់ដីវត្តទៅសុីចាយមិនបានសុខទេក្ដៅក្រហាយខ្លាំងណាស់ ប៉ុន្ដែសម្រាប់អ្នកគោរពសាសនាព្រះពុទ្ធមិនស្មោះត្រង់យកសាសនាធ្វើខែលដើម្បីផលប្រយោជន៍ និងលាភសក្ការៈអ្វីៗក៏គេហ៊នធ្វើដែរឲ្យតែបានលុយចូលហោប៉ៅប៉ុណ្ណោះ ។
លោកស្រី ឃី ជឺ បានបន្ថែមថា កាលពីពេលថ្មីៗនេះ លោក ហែម ដារិទ្ធិ បានធ្វើលិខិតលេខ០០២/២០ របក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ទូលថ្វាយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដោយមានខ្លឹមសារធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកស្រី និងពុទ្ធបរិស័ទផ្សេងទៀតដែលពួកគាត់បានព្យាយាមការពារ ដីគរុភណ្ឌរបស់វត្តគោកបញ្ជាន់នេះ ។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះថា លោកជាមនុស្សស្អាតស្អំ និង មិនបានចូលរួមលក់ដីវត្តគោកបញ្ជាន់នោះទេ ។
គួររំលឹកថា ចំពោះព្រះតេជគុណសេង ថង ចៅអធិការវត្តគោកបញ្ជាន់នេះដែរត្រូវបាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតលេខ ២០៨/១៩ ស ន ក ជ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ សម្រេចបញ្ចប់មុខតំណែងព្រះអង្ក ពីចៅអធិការវត្ត គោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញផងដែរ ។
ជាមួយគ្នានោះ គណៈសង្ឃនាយក នៃព្រះរាជានណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីវត្តលក់ទៅតាមផ្លូវច្បាប់ជាធរមានផងដែរ ដើម្បីរក្សានូវសម្បត្តិគរុភណ្ឌរបស់វត្តតជាសម្បត្តិសាធារណៈសម្រាប់វិស័យព្រះពុទ្ធសាសនាក៏ដូចដើម្បីព្រះសង្ឃជំនាន់ក្រោយៗទៀតដែរ ។ នៅក្នុងប្រវត្តិសាស្ដ្រប្រទេសកម្ពុជាគេមិនដែលដឹងឮថាមានព្រះសង្ឃ អាចារ្យ អាជ្ញាធរ តាំងពីភូមិ សង្កាត់ ខណ្ឌ នាំគ្នាកាត់ដីវត្តលក់បែបនេះទេ ទើបតែមានមួយគត់នៅវត្តគោកបញ្ជាន់ មានអាចារ្យ ចក់ ឆុន មេភូមិ ហ៊ុន សុខលី លោកសុទ្ធ សាធ អតីតចៅសង្កាត់ចោមចៅ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ មួយនេះប៉ុណ្ណោះដែលហ៊ានកាត់ដីវត្តលក់បែបនេះ ៕ ស តារា