សារព័ត៌មាន SANA របស់ស៊ីរី នៅថ្ងៃទី១ខែមីនា បានផ្សាយថា យន្តហោះចម្បាំងពីរគ្រឿងរបស់ស៊ីរី ត្រូវកម្លាំងទាហានតួកគីបាញ់ទម្លាក់នៅក្នុងខេត្ត Idlibភាគខាងជើងស៊ីរី។ ការបាញ់ប្រហារខាងលើ ក្រោយពេលតួកគីបើកការវាយប្រហារ សម្លាប់ទាហានស៊ីរី ១១នាក់និងរបួសជាច្រើនកាលពីចុងខែកុម្ភៈបន្ទាប់ពីប្រកាសសង្គ្រាម។
ប៉ុន្តែរដ្ឋាភិបាលស៊ីរីបានច្រានចោលព័ត៌មានថាតួកគីបាញ់ទម្លាក់យន្តហោះចម្បាំងពីរគញរឿង ។ ជាមួយគ្នានេះដែរ សារព័ត៌មានស៊ីរី បានផ្សាយថា កម្លាំងទាហានស៊ីរីបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកមួយគ្រឿងរបស់តួកគី ដែលបានហោះហើរនៅតំបន់ Saraqeb ក្នុងខេត្តIdlib ។ ការប្រឈមមុខតានតឹង រវាងតួកគីនិងស៊ីរីកើឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពី ទាហានស៊ីរី បាញ់ប្រហារសម្លាប់ទាហានតួកគី៣៣នាក់និងរបួសជិត៤០ នាក់ ។ នៅពេលនោះប្រធានាធិបតីតួកគីកោះប្រជុំជាបន្ទាន់ មន្ត្រីយោធា ហើយ បានប្រកាសសង្គ្រាម។
នៅមុនការវាយប្រហារ ប្រធានាធិបតីតួគី ក៏បានទូរស័ព្ទ ទៅកាន់អគ្គលេខាធិការអង្គការណាតូស្តីពី សកម្មភាពយោធាខាងលើ ដោយតួកគីក៏ជាសមាជិកមួយរូបរបស់ណាតូផងដែរ។ បើទោះបីណាតូមិនគាំទ្រតែសម្ព័ន្ធយោធានេះ ក៏មិនមានសកម្មភាព រារាំងការវាយប្រហារនោះដែរ ៕ ដោយ៖សាធី