ខេត្តត្បូងឃ្មុំ ៖ បើពុំមានវិធានការទប់ស្កាត់ និងពិនិត្យត្រឹមត្រូវតាមជំនាញបច្ចេកទេសទេ ប្រជាជនងាយនិងរងគ្រោះថ្នាក់ប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុតចំពោះការទទួលទានសត្វមាន់ នៅពេលមានមន្ត្រីផ្នែកពេទ្យសត្វមួយចំនួនមានគំនិតទុច្ចរិត ធូររលុងបណ្តោយអោយឈ្មួញដឹកជញ្ជូនសត្វទាំងរថយន្តៗមកកាន់ទីផ្សារកម្ពុជា ហេីយភ្លេចភារកិច្ចតួនាទីងុបនឹងលាភសក្ការៈ ។
ជាក់ស្ដែងវេលាម៉ោង១២៖០០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ មានរថយន្តម៉ាកហុីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពាក់ផ្លាកលេខត្បូងឃ្មុំ3A-0853 ផ្ទុកដោយសត្វមាន់រាប់ពាន់ក្បាលចូលតាមច្រកដូនរត្ន ស្រុកមេមត់ បង្ហាញរូបភាពហាក់ធូររលុងសេរីក្នុងការនាំចូលផ្ទុយពីសេចក្តីប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មដែលតម្រូវអោយមន្ត្រីត្រូវមានវិធានការទប់ស្កាត់ ពិនិត្យត្រឹមត្រូវតាមជំនាញបច្ចេកទេស ក្រោយពីប្រទេសវៀតណាម ប្រកាសផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1។
ដកស្រង់ពីប្រភពព័ត៌មានអោយដឹងថា ក្នុងមួយថ្ងៃយ៉ាងតិចណាស់មាន៤ទៅ៥ឡាន ជាប្រភេទ២តោនកន្លះ និង៨តោន ឯតម្លៃវិញ គិតតាមចំណុះ ៨តោនក្នុងមួយឡានត្រូវបង់៨០ម៉ឺនរៀល រីឯ២តោនត្រូវបង់៤០ម៉ឺនរៀល មកអោយជំនាញ ដែលគ្រប់គ្រងចាត់ចែងការងារដោយលោក សេង សោភា មេពេទ្យសត្វស្តីទីខេត្តត្បូងឃ្មុំ ។
ចំពោះករណីខាងលើនេះ លោក សេង សោភា មេពេទ្យសត្វស្តីទីខេត្តត្បូងឃ្មុំ បានផ្តល់បទសម្ភាសន៍យ៉ាងខ្លីជាមួយអ្នកយកព័ត៌មានអង្គភាពនគរដ្រេហ្គន http://nkdnews.com/ ពាក់ព័ន្ធការអនុញ្ញាតឲ្យដឹកជញ្ជូនសត្វមាន់ពីប្រទេសវៀតណាម ដោយលោកបានបដិសេធទទួលលុយពីក្រុមឈ្មួញនោះទេ ៕ ដោយ ៖ វណ្ណៈ