ពលរដ្ឋអ៊ីរ៉ង់បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះ។ ការឆ្លងនៅអ៊ីរ៉ង់ គឺខុសពីប្រទេសផ្សេងទៀត លើពិភពលោក ដោយអ្នកឆ្លងនៅអ៊ីរ៉ង់ គឺកើនឡើងក្នុងជួរដ្ឋាភិបាលតែម្តង។ កត្តាទាំងនោះហើយអាចធ្វើឲ្យប្រទេសអ៊ីរ៉ង់ ត្រូវធ្លាក់នៅក្នុងសភាពវឹកវរ ។ មន្ត្រីជាច្រើនត្រូវបង្ខំកាត់ផ្តាច់នៅម្នាក់ឯង មិនអាចបំពេញការងារក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសបានឡើយ ខណៈខ្លួនឯងក៏ឆ្លងដែរនោះ។
កាលពីថ្ងៃទី៣ ខែមីនា អ៊ីរ៉ង់ មានករណីឆ្លងវីរុស Covid-19 ថ្មី ដល់ទៅ៨៣៥នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះ កើនឡើងដល់ទៅ២៣៣៦នាក់ ហើយក្នុងនោះមានតំណាងរាស្ត្រអ៊ីរ៉ង់ ចំនួន២៣នាក់ផងដែរ។ ចំណែកអ្នកស្លាប់នៅក្នុងប្រទេសនេះបានកើនឡើងដល់ទៅ៧៧នាក់ និងមានអ្នកជាសះស្បើយពីវីរុស ចំនួន៤៣៥នាក់។
ក្នុងអំឡុងពេល វីរុស Covid-19 ឆ្លងរាលដាលកាន់តែខ្លាំង អ៊ីរ៉ង់បានសម្រេចចិត្តដោះលែងអ្នកទោសចំនួន៥៤ពាន់នាក់ ក្រោយត្រួតពិនិត្យឃើញថា អ្នកទោសទាំងនោះមិនមានផ្ទុកវីរុស Covid-19 ។ រីឯអ្នកទោសដែលត្រូវដោះលែង គឺមានទោសជាប់គុកមិនលើសពី៥ឆ្នាំនោះឡើយ។
ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើងខ្ពស់ជាងគេបំផុត ក្រៅពីប្រទេសចិន។ ពិធីជួបជុំផ្សេងៗ ក្នុងនោះមានទាំងពិធីសាសនារៀងរាល់ថ្ងៃសុក្រ ក៏ត្រូវបានលុបចោលជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៩មក។
ដោយឡែកសាលារៀន ទីតាំងប្រជុំជនផ្សេងៗ រោងកុន ត្រូវបិទទ្វារទាំងអស់…ហើយមជ្ឈមណ្ឌលផ្សារទំនើបក៏មិនមានមនុស្សផងដែរ។ ការលាងដៃជាប្រចាំអាចជួយការពារឆ្លងវីរុសបាន ដូច្នេះហើយធ្វើឲ្យការប្រើប្រាស់ទឹក នៅក្នុងប្រទេសអ៊ីរ៉ង់កើនឡើងខ្ពស់បំផុត ធ្វើឲ្យការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់។ សូម្បីតែរដ្ឋាភិបាលអ៊ីរ៉ង់ក៏ធ្វើសន្និសីទកាសែត តាមអនឡាញផងដែរ។
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់បានរក្សាគម្លាតឆ្ងាយពីពលរដ្ឋ និងមន្ត្រីផ្សេងៗ ក្រោយពេលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ជាង២០រូប បានឆ្លងវីរុស Covid-19 ក្នុងនោះមានទាំងអនុប្រធានាធិបតីផងដែរ៕