រួចខ្លួនម្តងហើយ លោកផ្កាយ១ ស្រេង សុខា ចុះលើកនេះ រំលោភដីរដ្ឋជាង២០ហិកតា មានទោសឬទេ ?

ចែករំលែក៖

ខេត្តកណ្តាល៖កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ គេនៅចាំបានថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងពុករលួយ ហៅកាត់ថា ACU ប្រកាសថា ការសម្ងែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គឺ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ ។

ក្នុងសន្និសីទកាសែតមួយ លោក ឱម យ៉ិនទៀង ថ្លែងថា “គាត់ខុស គឺ ការសម្ញែងទ្រព្យ ។ នៅហុងកុង នៅប្រទេសមួយចំនួនទៀត ច្បាប់ប្រឆាំងអំពើពុករលួយ ដាក់ទោសមន្ត្រីរាជការ ដែលសម្ញែងទ្រព្យជាប់គុក ។ ប៉ុន្តែស្រុកខ្មែរអត់ជាប់គុកទេ គ្រាន់តែរាជរដ្ឋាភិបាលបណ្ដេញចេញ ។ នៅកម្ពុជាអត់មានច្បាប់ដាក់គុក ករណីសម្ញែងទ្រព្យនោះទេ” ។

ទោះបីយ៉ាងណា នៅពេលនេះ លោក ស្រេង សុខា បានលេចចេញបញ្ហាដ៏ធំមួយទៀតហើយ គឺ ការរំលោភដីរដ្ឋជាង២០ហិកតាក្នុងចំណោមដីរដ្ឋសរុបជាង៤០ហិកតា នៅក្នុងភូមិភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប៉ុន្តែ បញ្ហានេះ លោក ស្រេង សុខា បានចេញមុខបដិសេធ ភ្លាមៗផងដែរ ។

រឿងរ៉ាវនេះ គឺ ធ្លាយចេញពីមាត់ លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ អោយកាត់ដីរដ្ឋជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០ហិកតា។

លោក ម៉ៅ ភិរុណ ក្នុងតំណែងជាអភិបាលខេត្តកណ្តាល នៅឡើយ បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និង កណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ កាលពីរសៀលថ្ងៃទី៥ ខែមីនា ម្សិលមិញនេះ ថា លោក ម៉ៅ ភិរុណ ពិតជាបានបញ្ជាលោកបែបនេះមែន ។ លោក ឈឿន សុចិត្ត អះអាងថា ពេលនេះលោកកំពុងចាត់ការករណីនេះ ហើយ ។

ដោយឡែក នៅពុំទាន់សុំការបញ្ជាក់បន្ថែមទៀតពីលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និង លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ បានទេ ដោយសារទូរស័ព្ទជាច្រើនលើកគ្មានអ្នកទទួល ។

ប្រភពព័ត៌មានច្បាស់ការណ៍ ថ្លែងប្រាប់ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានយកអំណាចខ្លួននិងយកឈ្មោះលោក ម៉ៅ ភិរុណ កាលនៅជាអភិបាលខេត្តកណ្តាល បានគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ អោយសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០ហិកតា នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទោះបីយ៉ាងណា ក្រោយមានការផ្សព្វផ្សាយព័ត៌មានទាំងនេះ លោក ស្រេង សុខា បានចេញមុខបដិសេធ ភ្លាមៗថា លោកមិនបានរំលោភយកដីរដ្ឋដូចការចោទប្រកាន់ទេ ហើយក៏មិនបានប្រើឈ្មោះ លោក ម៉ៅ ភិរុណ ដើម្បីគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ អោយសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង២០ហិកតា ដែរ ។

លោក អះអាងថា ដីទាំងនេះ គឺ ជារបស់លោកដែលបានទិញជាយូរមកហើយ ហើយអ្វីៗធ្វើតាមនីតិវិធី នៃច្បាប់ភូមិបាលទាំងអស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print