បន្ទាយមានជ័យ៖ ជនជាតិកូរ៉េបើករថយន្តឡិស៊ីសក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន នៅពេលយប់បុកគូថគោយន្តកន្ត្រៃដឹកស្រូវ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល កាលពីវេលា ២២យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX.300ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-1629បើកបរដោយឈ្មោះ គីមយុងអ៊ីល ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិកូរ៉េ ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរតាមធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកពីក្រោយ គោយន្តដែលដឹកស្រូវពេញទំហឹងបណ្ដាលឲ្យឈ្មោះសុវ៉ាន់ណារុំ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសស្រាល ចំណែកឈ្មោះឆ្នីរ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិស្រែជ្រៃ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរួមដំណើរជាមួយគោយន្ត(ប៉ះក្បាលរងរបួសធ្ងន់) អ្នកបើកបររថយន្តជនជាតិកូរ៉េ(រងរបួសស្រាល) ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានចុះមកកាន់កន្លែងកើតហេតុរួចហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យចំណែកវត្ថុតាងគោយន្ត និងរថយន្តក្រោយពីធ្វើកំណតហេតុវាស់វែងរួចសមត្ថកិច្ចក៏បានយកមករក្សាទុកក្នុង អធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណា