លាឈ្មោះជាពលករស្រុកថៃ វិលមកចាប់មុខរបរខ្លួនឯងក្នុងស្រុកកំណើត

ចែករំលែក៖

បន្ទាយមានជ័យ៖តស៊ូអស់រយៈពេល១៨ឆ្នាំធ្វើជាពលករចំណាក់ស្រុកទៅប្រទេសថៃ លោក ភឿន សុគង់ អាយុ ៤១ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបាននិយាយថាលោកបានលាឈ្មោះជាពលករស្រុកថៃវិលមកប្រកបរបរផ្ទាល់ខ្លួនក្នុងស្រុកកំណើតវិញ។លោកថាលោកបានទៅរស់នៅប្រទេសថៃអស់រយៈពេល១៨ឆ្នាំក្នុងភាពជាពលករក្នុងចំការដំណាំមួយកន្លែង។ដោយមិនមានភាពរីកចម្រើនក្នុងជីវភាព និង ដោយមានទុនខ្លះក្នុងចំណេះដឹងដាំដំណាំ លោកនិងក្រុមគ្រួសារបានដឹកដៃគ្នាវិលមកស្រុកកំណើតវិញ ដោយជ្រើសរើសមុខរបរជាអ្នកដាំត្រសក់ផ្អែមនឹងដាំបន្ថែមត្រសក់ផ្អរ។
ជួបជាមួយអ្នកយកព័ត៌មានយើងលោក ភឿង សុគង់ ក្នុងទឹកមុខញញឹមញញ៉ែម បាននិយាយរៀបរាប់ថា ក្រោយពីរើសយករបរដាំត្រសក់ផ្អែមអស់រយៈពេល១៣ឆ្នាំ ជីវភាពហាក់មានការប្រែប្រួលខ្លាំង ទោះជាហត់បន្តិចក្តី លោកបានពង្រីកផ្ទៃដីដាំដុះជារៀងរាល់ឆ្នាំ ដោយឆ្នាំទី១ក្នុងកម្រិតសាកល្បងដាំត្រឹមតែ៣រ៉ៃប៉ុណ្ណោះ។បន្ទាប់ពីមានភាពជោគជ័យនិងឱកាសទីផ្សាររបស់ត្រសក់ផ្អែម លោកបានធ្វើការពង្រីកផ្ទៃដីដាំរហូតដល់ទៅ៦ហិកតា ដោយជួលគេបន្ថែមក្នុងតម្លៃ៣៦០០បាតជាង៤០ម៉ឺនរៀល។
លោក ភឿង សុគង់ បានអោយដឹងថា ត្រសក់ផ្អែមធ្វើការដាំត្រឹមតែ២ខែ៥ថ្ងៃប៉ុណ្ណោះគឺអាចប្រមូលបានហើយ ក្រោយប្រមូលផលត្រសក់ផ្អែមលោកបន្តដាំត្រសក់ផ្អរឡើងវិញ ព្រោះត្រសក់ផ្អែមមិនអាចដាំលើដីដដែលក្នុងឆ្នាំតែមួយទេ។លោកមិនសង្ឃឹមលើទីផ្សារក្នុងស្រុកប៉ុន្មានទេ គឺតិចតួចណាស់ ទីផ្សារដែលផ្តល់ក្តីសង្ឃឹមនិងប្រមូលទិញពីផលដែលធ្វើបានគឺផ្គត់ផ្គង់ទៅទីផ្សារប្រទេសថៃ។លោកក៏បានបញ្ជាក់ផងដែរថាទោះជាទីផ្សារក្នុងស្រុកតូច តែឃើញថាត្រសក់ផ្អែមមានការពេញនិយមសម្រាប់បងប្អូនអ្នកដំណើរ។ត្រសក់ផ្អែមលក់ក្នុងតម្លៃ៥ពាន់រៀលក្នុងមួយគីឡូលក់ក្នុងស្រុក លក់ដុំទៅអោយឈ្មួញថៃក្នុងមួយគីឡូ២០ទៅ២១បាត បើប្រៀបធៀបនិងឆ្នាំមុន២៧បាត ថោកជាងឆ្នាំមុនដល់ទៅ៦បាត។ទោះជាមានការធ្លាក់ថ្លៃយ៉ាងនេះក្តី លោក ភឿង សុគង់ នៅតែមានការញញឹមព្រោះលោកអះអាងថាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពនិងការរស់នៅរបស់លោកឡើយ ដោយថាទោះជាមានការធ្លាក់ថ្លៃក៏លោកអាចរក់កម្រៃពីលក់ក្នុងមួយរដូវបានពី៧ទៅ៨ពាន់ដុល្លាដែរ ហើយបើប្រៀបធៀបនិងឆ្នាំដែលលក់បានថ្លៃគឺមួយរដូវ១ម៉ឺន២ពាន់ដុល្លាអាមេរិក ចំណូលនេះលោកអាចផ្គង់ផ្គង់ក្នុងក្រុមគ្រួសារនិងកូនរៀន៤នាក់បានដោយរលូន។ ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print