ខេត្តកណ្ដាលៈ បុរសម្នាក់ ខណៈត្រឡប់មកពីឆក់ត្រីនៅឯបឹងវិញ ក៏បានដើរជាន់ខ្សែលួស ដែលគេរាយឆក់កណ្ដុរក្នុងចំការឈូក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២០ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពឿន សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកដំបង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកម្ចាស់ដីចំការឈូកឈ្មោះ ជួន សេន ភេប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅឆក់ត្រីនៅឯបឹងមួយកន្លែង លុះមកដល់វេលាម៉ោង១០យប់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ហើយខណៈមកដល់ចំណុចកើតហេតុ ក៏បានជាន់ខ្សែលួសដែលគេរាយឆក់កណ្ដុរក្នុងចំការឈូករបស់ឈ្មោះ ជួន សេន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុក និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ចម្លង បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ជាន់ខ្សែលួសឆក់កណ្ដុរប្រាកដមែន ហើយកំពុងស្រាវជ្រាវរកជនសង្ស័យដែលរាយលួសឆក់កណ្តុរ តែមកឆក់មនុស្សស្លាប់ដើម្បីបន្តតាមនីតិវិធី។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕