អ្វីដែលយើងមើលមិនឃើញនិងភ្នែកចាប់មិនបាន ប៉ុន្តែ វាអាចសម្លាប់យើងបាន ជាការវាយប្រហារផ្លូវងងឹត។ ផ្លូវងងឹតនៅទីនេះ មិនសម្តៅទៅលើព្រាយបីសាច នោះឡើយ គឺសម្តៅទៅលើមេរោគ កូវីដ-១៩។
ពិភពលោក បានឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមក្តៅ សង្គ្រាមលោកលើក ទី១ លោកលើកទី២ សង្គ្រាមត្រជាក់ សង្គ្រាមសេដ្ឋកិច្ច… ។ ពេលនេះអ្នកមានអបិយជំនឿ បានលើកឡើងថាពិភពលោកកំពុងតែធ្វើសង្គ្រាមផ្លូវងងឹតជាមួយពពួកបីសាច ដែលភ្នែកមនុស្សយើងមើលមិនឃើញឡើយ។
ចាស់ៗ ធ្លាប់បាននិយាយថា ពួកផ្លូវងងឹតនេះគឺមាននៅគ្រប់ទីកន្លែង ដែលមនុស្សយើងមើលមិនឃើញឡើយ យើងអាចដើរប៉ះវាគ្រប់ពេល វាអាចចូលមកក្នុងខ្លួនយើង សម្លាប់យើងគ្រប់ពេល បើយើងមិនមានការប្រុងប្រយ័ត្ននោះ។
ប្រទេសមហាអំណាចនៅជុំវិញពិភពលោក បានចំណាយប្រាក់ជាច្រើន ដើម្បីផលិតអាវុធទំនើបៗ មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ប្រព័ន្ធការពារ ដ៏រឹងមាំ ទប់ស្កាត់រាល់ការវាយប្រហាររបស់សត្រូវ និងការវាយលុកនៅគ្រប់ទិសទីជុំវិញពិភពលោក។ អាវុធទាំងនោះ គឺអសមត្ថភាពចំពោះ«កងទ័ពផ្លូវងងឹត» កូវីដ-១៩។
សង្គ្រាមលោកលើកទី៣នេះមិនមែនជាសង្គ្រាមរវាងមនុស្សនិងមនុស្សនោះឡើយ គឺជាសង្គ្រាម រវាងមនុស្ស និង ពពួកបីសាច កូវីដ-១៩។ ពួកបីសាចកូវីដ-១៩ បានវាយប្រហារ នៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ឲ្យតែមនុស្សធ្វេសប្រហែសពួកវានឹងវាយលុកសម្លាប់យើងជាមិនខាន។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាសង្គ្រាមរវាងមនុស្ស និងពពួកផ្លូវងងឹត កូវីដ-១៩ នឹងបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស ច្រើនជាងសង្គ្រាមនានាទាំងអស់ ហើយវាវាយប្រហារនៅលើភពផែនដីទាំងមូល មិនថាប្រទេសមហាអំណាចឬប្រទេសក្រីក្រនោះឡើយ។
មកទល់ពេលនេះ ប្រទេសមហាអំណាច ដែលមានជំនាញខាងស្រាវជ្រាវផលិតឱសថ ក៏មិនទាន់រកឃើញអាវុធ(ថ្នាំព្យាបាល) ដើម្បីកម្ចាត់ ពពួកផ្លូវងងឹតនេះនៅឡើយទេ។ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាពេលវេលាអាក្រក់បំផុតរបស់មនុស្សជាតិ ដោយមិនមានអ្នកណាជួយអ្នកណាបានឡើយ គឺមានតែជួយខ្លួនឯងតែប៉ុណ្ណោះ ។ ប្រទេសនីមួយៗ ពិសេសគឺអាមេរិក និងអឺរ៉ុប បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រកាសបិទព្រំដែន បិទការហោះហើរ ចេញចូលទាំងអស់។
តាមការវិភាគប្រសិនបើ មនុស្សយើងមិនអាចយកឈ្នះក្នុងសង្គ្រាមផ្លូវងងឹតក្នុងពេលឆាប់នោះទេសេដ្ឋកិច្ច ពិភពលោកនឹងជួបវិបត្តិជាមិនខាន។ មនុស្សជាតិនឹងខាតបង់ទ្រព្យសម្បតិមហាសាលនៅក្នុងសង្គ្រាម នេះ។
គិតដល់ ថ្ងៃទី១៤ ខែមីនា នៅលើពិភពលោកទាំងមូលមាន មនុស្ស ត្រូវពពួកបីសាចកូវីដ-១៩ ចូលក្នុងខ្លួន កើនឡើងដល់ទៅ១៤៥.៣៤១នាក់ហើយ និងបានសម្លាប់មនុស្សកើនឡើងដល់ទៅ៥៤១៦នាក់។ នៅប្រទេសអុីតាលី មានករណីឆ្លងនិងស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់២៥០នាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះប្រទេសមហាអំណាចជុំវិញពិភពលោកបាន ប្រកាសអាសន្នទូទាំងប្រទេស។
មកដល់ថ្ងៃទី១៤ខែមីនានេះ Covid-19 បានវាយលុកដល់១៣៦ប្រទេសជុំវិញពិភពលោក ដោយ មានអ្នកឆ្លង ជិត១៥០ពាន់នាក់ ក្នុងនោះមានតែជាង ៧ម៉ឺននាក់ប៉ុណ្ណោះព្យាបាលជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងមាន ជិត ៦ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់បំផុត កំពុងសង្គ្រោះបន្ទាន់ អាចស្លាប់គ្រប់ពេល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ ពិភពលោកទាំងមូលរួមសមគ្គី ប្រយុទ្ធប្រឆាំងនិងវីរុសផ្លូវដង្ហើមឲ្យមានប្រសិទ្ធភាពបំផុត។ លោកបន្តទៀតថា នេះជាឧបស័គ្គយ៉ាងធំរបស់ពិភពលោក ប៉ុន្តែ កុំភ័យខ្លាចខ្លាំងពេក អាចជំរុញឲ្យស្ថានភាពកាន់តែអាក្រក់។ លោក Antonio Guterres បានបន្តទៀតថាពលរដ្ឋនៅលើពិភពលោក នឹងងាកទៅរកការរស់នៅដូចដើមវិញ។
ក្នុងរយៈពេល២៤ម៉ោង កន្លងមកចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិន បានថយចុះយ៉ាងខ្លាំង ដោយមានតែ២២នាក់ឆ្លងCovid-19តែប៉ុណ្ណោះនិងស្លាប់តែ៨នាក់។ ក្នុងរយៈពេលដូចគ្នានៅអុីតាលីមានអ្នកឆ្លង ២៥៤៧ និងស្លាប់២៥០នាក់ ធ្វើឲ្យប្រទេសអុីតាលីកើនឡើងខ្ពស់បំផុត សរុបមានដល់ទៅ១៧៦៦០ នាក់ និងស្លាប់២៥៤៧នាក់ ។
បច្ចុប្បន្ន អាចនិយាយបានថាពពួកបីសាច កូវីត-១៩ មានអំណាចជាងមនុស្ស មានប្រៀប ដោយយកឈ្នះទៅលើមនុស្សយើងហើយ។ ពេលនេះមនុសុ្សជាតិបានត្រឹមតែការពារ ទប់ស្កាត់តែប៉ុណ្ណោះ មិនមានអ្វីត្រូវវាយបក ទៅលើ កូវីដ-១៩ នៅឡើយទេ ៕