បច្ចុប្បន្នអាមេរិកមានករណី ឆ្លងវីរុសកូវីដ–១៩ កើនឡើងដល់ ៣,៤៨២ករណីហើយ និងស្លាប់៦៥នាក់ ។ មន្ត្រីមកពីគណបក្សប្រជាធិបតេយ្យអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីដូណាល់ត្រាំ ដែលយឺតយ៉ាងក្នុងការទប់ស្កាត់ ក៏ដូចជា ទប់ស្កាត់មិនសូវមានប្រសិទ្ធភាព។
នៅពេលនេះអាមេរិក បានចាប់ផ្តើម សាកល្បងវ៉ាក់សាំង ប្រឆាំងវីរុសកូវីដ–១៩ នៅថ្ងៃទី១៦ខែមីនានេះ ។ វិទ្យាស្ថានសុខភាពជាតិ ជាអ្នកផ្តល់ជំនួយថវិកាដល់ការសាកល្បងនេះ ហើយធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវសុខភាព Kaiser Permanente វ៉ាស៊ីនតោន នៅទីក្រុង ស៊ីថល ។
មន្ត្រីដែលបានទម្លាយព័ត៌មាននេះ គឺបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះមិនត្រូវបានអនុញ្ញាតឲ្យប្រកាសជាសាធារណៈនោះទេ។
យោងតាមប្រភព theglobeandmailបញ្ជាក់ថា មន្ត្រីសុខាភិបាលសាធារណៈអះអាងថា ការសាកល្បងវ៉ាក់សាំងការពារវីរុស COVID-19 នឹងចំណាយពេលពីមួយឆ្នាំដល់១៨ ខែ ដើម្បីធ្វើឱ្យវ៉ាក់សាំងមានសក្តានុពល ឬប្រសិទ្ធិភាពពេញលេញ ។
ប្រភពបញ្ជាក់ថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង នឹងចាប់ផ្តើមដោយអ្នកស្ម័គ្រចិត្តវ័យក្មេងចំនួន ៤៥ នាក់ ហើយមានការចាក់ថ្នាំបង្ការផ្សេងៗគ្នា ជាថ្នាំបង្កើតឡើងដោយក្រុមហ៊ុន NIH និងក្រុមហ៊ុន Moderna Inc។ ប្រភពអះអាងថា គ្មានអ្នកចូលរួមអាចឆ្លងមេរោគពីការចាក់ថ្នាំបង្ការរោគនេះទេ ពីព្រោះពួកគេមិនមានផ្ទុកវីរុសនោះឡើយ ។ គោលដៅគឺដើម្បីពិនិត្យមើលថា វ៉ាក់សាំងមិនមានផលប៉ះពាល់គួរឱ្យព្រួយបារម្ភ ដើម្បីកំណត់ដំណាក់កាលធ្វើតេស្តសាកល្បងទ្រង់ទ្រាយធំ ។
សូមបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវរាប់សិបនាក់នៅជុំវិញពិភពលោកកំពុងខ្វែងដៃជើងដើម្បីបង្កើតវ៉ាក់សាំង ខណៈដែលជំងឺ COVID-19 នៅតែបន្តឆ្លងរាលដាលកើនឡើង។ ការងារសំខាន់របស់ពួកគេ គឺកំពុងស្វែងរកប្រភេទវ៉ាក់សាំងផ្សេងៗគ្នា – ការចាក់ថ្នាំបង្ការរោគត្រូវបានបង្កើតឡើងពីបច្ចេកវិទ្យាថ្មី ដែលមិនត្រឹមតែអាចផលិតបានលឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្ហាញពីភាពខ្លាំងក្លាថែមទៀតផងដែរ ។ អ្នកស្រាវជ្រាវខ្លះថែមទាំងមានគោលបំណងចាក់វ៉ាក់សាំងបណ្តោះអាសន្ន ដូចជាការចាក់វ៉ាក់សាំងដែលអាចការពារសុខភាពមនុស្សក្នុងមួយខែ ឬពីរខែក្នុងពេលតែមួយ ខណៈដែលការការពារយូរអង្វែងត្រូវបានបង្កើតឡើងផងដែរ ៕