ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលវីរុសកូវីដ១៩បានធូរស្រាល ។ ការប្រកាសបិទ បន្ទាប់ពីស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងផ្លូវការណ៍ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ។
យោងតាមសេចក្តីជូនដំណឹងខាងលើ ដែលដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តម្រូវឲ្យបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩បានធូរស្រាលឡើងវិញ ដើម្បីទប់ស្កាត់និងបង្ការរីករាលដាលនៃវីរុសកូវីដ១៩ ដែលកំពុងកើតឡើងជាសកល ។
ក្នុងស្ថានភាពដ៏ចាំបាច់នេះ ក្រសួងសុខាភិបាលស្នើដល់ឯកឧត្តមរដ្ឋមន្រ្តី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវចាត់ចែងរៀបចំទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ៕