ខេត្តកំពង់ធំ ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និង ប្រជាពលរដ្ឋ ដោយសារតែកូនប្រុសអាយុ១២ឆ្នាំម្នាក់ បានយកកាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ ទៅភ្ជង់ម្តាយបង្កើតលេង ស្រាប់តែរៀលកៃផ្ទុះត្រូវទ្រូងម្តាយ ធ្វើឲ្យ ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ស្ថិត នៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
យោងតាមសេចក្តីរាយការណ៍ ពីសមត្ថ កិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា មុន ពេលមានករណី រៀលកៃអាវុធកែច្នៃដែល ជាអាវុធ (កាប៊ីនបាញ់គ្រាប់កង់) បណ្តាល ឲ្យមានមនុស្សស្លាប់នោះ គឺកូនប្រុស បង្កើតរបស់ជនរងគ្រោះ ដែលមានឈ្មោះ គ្រឿន ម៉ាណា អាយុ១២ឆ្នាំ បានយកអាវុធកែច្នៃសម្រាប់បាញ់សត្វ បានបញ្ចូលគ្រាប់ហើយជាស្រេចយកទៅភ្ជង់ម្តាយលេង។ តែពេលដែលភ្ជង់នោះ ក៏បានរៀលកៃ ចំនួន២គ្រាប់ត្រូវចំដើមទ្រូងម្តាយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង នៅផ្ទះរបស់ជនរងគ្រោះតែម្តង។
តាមសេចក្តីរាយការណ៍ ពីលោក វរសេនីយ៍ត្រី អ៊ាត គឹមអ៊ាន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវជាម្តាយ បង្កើតរបស់ជនបង្ក ដែលមានឈ្មោះ គ្រឿន ម៉ាណា។ បន្ទាប់ពី មានករណីឈាន ដល់មានមនុស្សស្លាប់ កម្លាំងសមត្ថកិច្ច ជំនាញ ដោយមានការចូលរួមពីសំណាក់ លោក សេន កុសល មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបល្ល័ង្ក និងគ្រូពេទ្យ បាន ចុះមកទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យ វិច័យលើសាកសព ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារ អាវុធកែច្នៃប្រាកដមែន។ ក្រោយមកក៏ ប្រគល់សពឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមនីតិវិធី។ ចំណែកក្មេងប្រុស ដែលជាដើមហេតុធ្វើឲ្យម្តាយស្លាប់ត្រូវ បានឃាត់ខ្លួន ដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការ៕ ប៊ុន រិទ្ធី