ក្រុមឧទ្ទាម បន្តវាយប្រហារដោយរ៉ុក្កែតទៅលើតំបន់ខៀវក្នុងប្រទេសអ៊ីរ៉ាក់ ។ រ៉ុក្កែតយ៉ាងតិច៣គ្រាប់បានធ្លាក់នៅតំបន់តៃតង ក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ក្បែរស្ថានទូតអាមេរិកប្រចាំនៅទីនោះ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ហើយនេះជាការវាយប្រហារលើកទី៤ ក្នុងអំឡុងប៉ុន្មានថ្ងៃថ្មីៗនេះ ។
មួយថ្ងៃមុននេះក៏មានការវាយប្រហារជំរំហ្វឹកហាត់មូលដ្ឋាននៅភាគខាងត្បូងរដ្ឋធានីបាដាដ ។ ទីនោះ ជាទីកន្លែងកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិក និងកងកម្លាំងណាតូបានវត្តមានដើម្បីហ្វឹកហាត់ ។ នេះបើតាមមន្ត្រីសន្តិសុខអ៊ីរ៉ាក់ ត្រូវបានប្រភព aljazeera ដកស្រង់ចុះផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។
មន្ត្រីសន្តិសុខអ៊ីរ៉ាក់អះអាងថា រ៉ុក្កែតយ៉ាងតិច៣គ្រាប់បានធ្លាក់នៅតំបន់តៃតង ។ ទីតាំងបៃតង នៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់នោះ គឺជាទីកន្លែងដែលស្ថានទូតបរទេស និងមន្ត្រីរដ្ឋាភិបាល តាំងទីលំនៅឋាននៅច្រើន ។
អ្នកនាំពាក្យកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិក Myles Caggins អះអាងថា រ៉ុក្កែតនោះបានធ្លាក់នៅចម្ងាយប្រហែល២គីឡូម៉ែត្រប៉ុណ្ណោះពីស្ថានទូត ។ មិនមានរបាយការណ៍គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
នៅល្ងាចមុននោះ រ៉ុក្កែតក៏បានវាយប្រហារមូលដ្ឋាន Basmaya នៅជិតរដ្ឋធានីអ៊ីរ៉ាក់ផងដែរ ។ រ៉ុក្កែតនេះបានធ្លាក់នៅក្បែររោងចក្រមួយ ហើយជាកន្លែងដីវាលសម្រាប់ធ្វើកសិកម្ម ។ ព័ត៌មានលម្អិតមិនត្រូវបានទម្លាយនោះឡើយ ។
កាលពីប៉ុន្មានថ្ងៃមុននេះ រ៉ុក្កែតយ៉ាងតិច២គ្រាប់វាយប្រហារមូលដ្ឋានជើងអាកាស Taji របស់អាមេរិក ស្ថិតនៅភាគខាងជើងទីក្រុងបាដាដ សម្លាប់ទាហាន៣នាក់ ក្នុងនោះទាហានអាមេរិក២នាក់ និងអង់គ្លេសម្នាក់ ។
ការវាយប្រហារនេះនាំឲ្យអាមេរិកវាយបកសងសឹកវិញប្រឆាំងទៅលើអ្វីដែលអាមេរិកគិតថា ជាទីតាំងឃ្លាំងអាវុធរបស់ក្រុមជីវពល Kataib ហេសប៊ូឡោះ ។ ក្រុមនេះ មានការគាំទ្រពីអ៊ីរ៉ង់ ដែលអាមេរិកជឿជាក់ថា ជាអ្នកទទួលខុសត្រូវវាយប្រហារដោយរ៉ុក្កែតទាំងនោះចូលមកកាន់តំបន់បៃតង ។
យោធាអ៊ីរ៉ាក់ថា អាមេរិកវាយប្រហារសងសឹក បានសម្លាប់កងសន្តិសុខអ៊ីរ៉ាក់៥នាក់ និងជនស៊ីវិលម្នាក់ និងរបួស៥នាក់ ដែលជាកងកម្លាំងចល័ត PMF (Popular Mobilisation Forces)។ PMFជាអង្គការដំបូលឆត្រមួយរបស់ក្រុមជីវពលដទៃផ្សេងៗទៀត ក្នុងនោះមានក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ ។
អ៊ីរ៉ង់បានគាំទ្រក្រុមជីវពលនិកាយស៊ីអ៊ីដ បានប្តេជ្ញាសងសឹកដ៏ជាក់លាក់ ហើយដែលការប្តេជ្ញានេះនាំឲ្យមានសញ្ញាណថា ហិង្សានឹងកើនឡើងបន្ថែមរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅលើទឹកដីអ៊ីរ៉ាក់ ៕