ភ្នំពេញ៖ ព្រឹកនេះកម្ពុជាសម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរចេញចូលឡើយ។ ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើយ។
តាមសេចក្តីប្រកាសបញ្ជាក់ថា៖ ការសម្រេចបិទច្រកព្រំដែននេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ខណៈប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។
សូមអានលិខិតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុុជាដូខខាងក្រោម៖