រាជរដ្ឋាភិបាលកម្ពុជាផ្អាកគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីកាត់ទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ ៖ អង្គការ WWF សម្ដែងការ អបអរសាទរ និងសូមកោតសរសើរដល់ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្អាកគម្រោងអភិវឌ្ឍន៍ទំនប់វារី អគ្គិសនី ហើយងាកទៅស្វែងរកប្រភព ថាមពលដទៃទៀតដូចជាថាមពលពន្លឺព្រះអាទិត្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការ WWF ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២០។
ការចេញសេចក្ដីថ្លែងការណ៍របស់អង្គការ WWF នេះ ធ្វើឡើងបន្ទាប់ លោក វិចទ័រ ហ្សូណា អគ្គនាយកនៃនាយកដ្ឋាន ថាមពល នៃក្រសួងរ៉ែ និងថាមពលបាន បញ្ជាក់ប្រាប់អង្គការWWFតាមរយៈទូរស័ព្ទ ថា ផែនការមេសម្រាប់វិស័យថាមពល​រយៈពេល ១០ ឆ្នាំ (២០២០-២០៣០) របស់កម្ពុជាដែលបានអនុម័តថ្មីៗនេះគ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅ តាមទន្លេមេគង្គទេ។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជាបានលើកឡើងថា ការរក្សា ទន្លេមេគង្គក្រោមក្នុងប្រទេសកម្ពុជាឱ្យនៅតែមានលំហូរតាមបែបធម្មជាតិគឺជាការ សម្រេចចិត្តដ៏ល្អបំផុតសម្រាប់មនុស្ស និង ធម្មជាតិ ហើយអង្គការ WWF ត្រៀមខ្លួន រួចជាស្រេចដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍផែនការ ថាមពលប្រកបដោយនិរន្តរភាពដែលមានលក្ខណៈជាប្រព័ន្ធ។ លោកបានបន្ដថា ការផ្តោតលើជម្រើសថាមពលកកើតឡើងវិញដែលមិនប៉ះពាល់បរិស្ថាន ហើយចូលរួម ចំណែកសម្រេចគោលដៅថាមពលរបស់ប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើទំនប់កាត់ទន្លេដែលកំពុងហូរតាមបែបធម្មជាតិ របស់ប្រទេសកម្ពុជាឡើយ។

ជាមួយគ្នានេះ លោក ម៉ាក ហ្គ័រសូត (Marc Goichot) ប្រធានកម្មវិធីទឹកសាប នៃអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា “ការពន្យារពេល ១០ ឆ្នាំ ក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនានាកាត់ទន្លេមេគង្គ ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាដំណឹងល្អបំផុតសម្រាប់អនាគតមនុស្សរាប់លាននាក់ដែលរស់នៅតាមដងទន្លេមេគង្គ និងជីវៈចម្រុះដ៏អស្ចារ្យដែលពឹងអាស្រ័យនឹងទន្លេនេះ ជាពិសេសគឺសម្រាប់សត្វផ្សោតមេគង្គ (Irrawaddy dolphin) នៅក្នុងប្រទេស កម្ពុជា ដែលជាប្រភេទសត្វទឹកសាបសំខាន់ ជាសកល”។ លោកបាន

បន្ថែមថា បើតាមវិទ្យា សាស្ត្របានបង្ហាញយ៉ាងច្បាស់ថាទំនប់វារីអគ្គិសនីអាចធ្វើឱ្យធ្លាក់ចុះនូវប្រភេទត្រីជាច្រើន ព្រមទាំងរាំងស្ទះលំហូរដីល្បាប់ ដែលអាចនឹងពន្លឿនការជន់លិច និងការ រួមតូច នៃដីសណ្ត និងគំរាមកំហែងដល់ ទិន្នផលស្រូវជាច្រើនកន្លែង សហគមន៍ នេសាទ និងនិរន្តរភាពសេដ្ឋកិច្ច នៃប្រទេស វៀតណាម។

លោកបានថ្លែងថា “ការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់ប្រទេសកម្ពុជាគឺជា ឧទាហរណ៍​គំរូសម្រាប់ប្រទេសដទៃទៀត ឱ្យទទួលស្គាល់ថាទន្លេដែលមានលំហូរ តាមធម្មជាតិផ្តល់អត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និង ប្រភេទសត្វជាច្រើនរាប់មិនអស់ ដែលពឹង អាស្រ័យលើទន្លេនេះ”៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print