ក្រសួងសុខាភិបាលប្រកាសរកឃើញ៤ករណីថ្មីបន្ថែមទៀត សរុបកើនដល់១០៧នាក់ ព្យាបាលជាសះស្បើយ២នាក់បន្ថែម សរុបអ្នកជា២៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសការរកឃើញករណីថ្មី វិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ និង អ្នកព្យាបាលជាសះស្បើយ ចំនួន ០២នាក់ ។ ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី៣០មីនានេះថា ស្ថានភាពជំងឺ កូវីដ១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ៖

១. សរុបស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេស៖
ត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ មានដូចតទៅ៖ – អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៣នាក់ (បុរសជនជាតិចិន ០១នាក់ ស្រ្តីជនជាតិអង់គ្លេស ០២ នាក់ បុរសជនជាតិអង់គ្លេស ០១នាក់ បុរសជនជាតិបារាំង ០១នាក់ និងបុរសជនជាតិខ្មែរ ១៨នាក់) គិត ចាប់ពីខែមករាដល់បច្ចុប្បន្ននេះ (ស្មើនឹង ២១,៥ % ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) – អ្នកដែលកំពុងសម្រាកព្យាបាល សរុបចំនួន ៨៤នាក់ (ស្ដី ២៧នាក់ និងបុរស ៥៧នាក់) នៅតាមមន្ទីរ ពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត – អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និង អ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេស សរុបចំនួន ១០៧នាក់ (ស្រី្ត ២៩នាក់ និងបុរស ៧៨នាក់)។

២. ករណ៏ជាសះស្បើយចំនួន ០២ករណ៍ មានដូចតទៅ៖
បុរសអាយុ ៣៨ឆ្នាំ (ជាអ្នកដែលបានឆ្លងជំងឺកូវីដ១៩ពីបុរសជនជាតិជប៉ុន) នៅខេត្តសៀមរាប និង បុរសអាយុ ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ បានព្យាបាលជាសះស្បើយ ដោយមានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ១៩ ចំនួន ០២ លើក។ បុរសទាំងពីររូបនេះត្រូវបានអនុញ្ញាត្តឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។

៣. ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤ នាក់ (ជនជាតិបារាំង ០១ និង ខ្មែរ ០៣) មានដូចតទៅ៖

– បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅភូមិប្រថម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាអ្នកបម្រើការនៅកាស៊ីណូនិងការ៉ាអូខេមួយនៅច្រកប៉ោយប៉ែត មានវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឲ្យ ព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មានវិជ្ជមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បុរសរូបនេះ ជាអ្នកដំណើរវិលត្រឡប់មកពី ប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។

– ស្ត្រីជនជាតិខ្មែរអាយុ ២០ឆ្នាំ នៅសង្កាត់អូឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានវិជ្ជមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ជានិស្សិតខ្មែរ ដែលបានវិល ត្រឡប់មកពីប្រទេសអង់គ្លេស មកដល់កម្ពុជានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ នៅទួលទំពូង រាជធានីភ្នំពេញ មានប្រវត្តិធ្វើដំណើរទៅប្រទេស ហ្គុយយ៉ាណា (GUYANA) មកដល់កម្ពុជានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ មានវិជ្ជមានវីរុសកូវីដ១៩ កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រុមការងាររបស់ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយនឹងបន្ត ជម្រាបជូនដល់បងប្អូនសាធារណជន ប្រសិនបើមានរកឃើញ​ករណ៍វិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័ រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរក ករណកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការ ចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print