មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអូលបានបញ្ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ជាបន្ទាន់រហូតដល់ទៅ៦សែនគ្រឿងដល់អាមេរិក តាមសំណើររបស់ប្រធានាធិបតីដូណាល់ ត្រាំ ។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែមីនា លោកត្រាំបានស្នើរដ្ឋាភិបាលទីក្រុងសេអូលផ្តល់ជូនឧបករណ៍ធ្វើតេស្ត ដល់អាមេរិក ប៉ុន្តែពេលនោះប្រធានាធិបតី ម៉ូនជេអ៊ីន បានបញ្ជាក់ថាទាល់តែក្រសួងសុខាភិបាល ទើបអាចសម្រេចបានក្នុងពេលកំពុងមានអាសន្នបែបនេះ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៣ខែមេសា បានផ្សាយថា យន្តហោះដឹកទំនិញមួយគ្រឿង របស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន អាមេរិក បានទៅដឹក ឧបករណ៍ធ្វើតេស្ត៦សែនគ្រឿង ជាបន្ទាន់ទៅកាន់អាមេរិក ដើម្បីធ្វើតេស្តពលរដ្ឋឲ្យទាន់ពេលវេលា ។ តាមគម្រោង យន្តហោះដឹក សម្ភារៈខាងលើ នឹងចាកចេញពីទីក្រុងសេអូល នៅវេលាម៉ោង ២២និង៣០នាទីយប់ថ្ងៃទី១៣ខែមេសា។រដ្ឋាភិបាលអាមេរិក និងចំណាយប្រាក់សម្រាប់ទំនិញខាងលើ។
គិតដល់វេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី១៣ខែមេសា តាមគេហទំព័រ Wordometer បានផ្សាយថា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ សរុប ១ ៨៦៦ ៤៦០នាក់ ស្លាប់១១៥ ២៤៤នាក់។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយ ៤៣៣ ៩១៥នាក់ផងដែរ។ ចំណែកអាមេរិក មានអ្នកឆ្លង ៥៦០ ៤៣៣នាក់ និងស្លាប់២២ ១១៥នាក់៕