សេអ៊ូល៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០មុននេះបន្តិច ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត (East Sea) ខណៈដែលក្រុមជំនាញយោធាកូរ៉េខាងត្បូងជឿជាក់ថា វាជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលអាចប្រើសម្រាប់កម្ទេចនាវាចម្បាំង។
ការបាញ់តេស្តអាវុធជាថ្មីទៀតនៅថ្ងៃអង្គារនេះ គឺបានកើតមានឡើងចំពេលដែល កូរ៉េខាងជើង ត្រៀមប្រារព្ធពិធីខួបកំណើត នៃបិតាស្ថាបនិកលោក គីម អ៉ីលស៊ុង និងចំពោះមុខការបោះឆ្នោត នៅប្រទេសកូរ៉េខាងត្បូងផងដែរ។ កូរ៉េខាងជើងកាលពីចុងសប្តាហ៍មុននេះ ក៏ទើបបញ្ចប់កិច្ចប្រជុំសភាផងដែរ ដើម្បីចាត់វិធានការទប់ទល់ COVID-19 ខណៈប្រទេសនេះនៅតែអះអាងថា មិនទាន់មានករណីឆ្លងសូម្បីម្នាក់។
គួរបញ្ជាក់ថា គ្រាប់មីស៊ីលខាងលើនេះត្រូវបានបាញ់ចេញ ពីតំបន់ឆ្នេរនៃទីក្រុង ម៉ាន់ជុន (Munchon) កាលពីវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ដែលវាមិនទាន់ត្រូវបានបញ្ជាក់ចំនួនឲ្យច្បាស់លាស់ឡើយ និងមានថេរវេលាក្នុងការបាញ់សាកល្បងប្រមាណជា ៤០នាទី។ មន្ត្រីជំនាញយោធាកូរ៉េខាងត្បូងបានអះអាងថា គ្រាប់មីស៊ីលបានហោះក្នុងរយៈចម្ងាយ ១៥០គីឡូម៉ែត្រ រួចធ្លាក់ចូលក្នុងទឹកសមុទ្រ៕