ខេត្តរតនគិរី ៖ បុរស២នាក់បាននាំគ្នាដើរទៅរកឃ្មុំនៅក្នុងព្រៃឆ្ងាយពីផ្ទះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ កន្លងទៅនេះ នៅត្រង់ចំណុចព្រៃអូររ៉ាពឿង ស្ថិតនៅក្នុងភូមិអុល ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។ពេលដើរទៅដល់កណ្តាលព្រៃបុរសម្នាក់បានឃើញឃ្មុំមួយសម្បុកនៅលើមែកដើមផ្តៀក ក៏ឡើងទៅយកឃ្មុំនោះស្រាប់តែរអឹលដៃធ្លាក់ពីលើដើមឈើបណ្តាលឲ្យបាក់.កស្លាប់ ខណ:ដែលបុរសម្នាក់ទៀតឈរចាំនៅខាងក្រោម។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាតាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ការ ផ្វា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ រីឯបុរសម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។
មន្ត្រីនគរបាលដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងអ្នករួមដំណើរជាមួយបាននាំគ្នាដើររកឃ្មុំក្នុងព្រៃឆ្ងាយពីភូមិប្រហែលជាង៣គីឡូម៉ែត្រ។លុះ មកដល់ចំណុចកើតហេតុខាងលើក៏បានឃើញឃ្មុំនៅលើដើមផ្តៀកធំមួយ គ្រានោះជនរងគ្រោះក៏បានវ៉ៃបង្អោងឡើងយកឃ្មុំតែឡើងបានពាក់កណ្តាលដើមឈើមានកម្ពស់ជាង១០ម៉ែត្រក៏របូតដៃធ្លាក់បណ្តាលឲ្យបាក់.កស្លាប់នៅនឹងកន្លែងកើតហេតុ។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ក្រោយពេលបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាងចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព ដោយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយរអឹលដៃធ្លាក់ពីដើមឈើប្រាកដមែនរួចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រាថ្នា