ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំភ្លេចខ្លួន ឬធ្វេសប្រហែសឱ្យសោះ បើទោះបីជា១១ថ្ងៃជាប់ៗគ្នាមកនេះ កម្ពុជាពុំមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ (COVID-19) ណាមួយក៏ដោយ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងលើកទី៣ ស្ដីពីការងារឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា៖ “បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហាក់ដូចជាភ្លេចខ្លួន ដោយមានអ្នកខ្លះរហូតដល់មានការរាប់ថយក្រោយ (Coundown) ករណីជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលការធ្វើនេះគឺពុំត្រឹមត្រូវទេ” ។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ផងដែរថា កិច្ចប្រជុំនៅព្រឹកនេះ គឺនឹងពិភាក្សាអំពីការគ្រប់គ្រងសម្ភារបរិក្ខារ និងការគ្រប់គ្រងថវិកា សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ ការវាយតម្លៃ ព្រមទាំងធ្វើការឆ្លើយតប ក្នុងករណីមានការរាតត្បាតជំងឺកូវីដ១៩នេះ នៅក្នុងសហគមន៍។
គួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា ពុំមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១ថ្ងៃជាប់គ្នាមកហើយ ខណៈអ្នកជំងឺដែលកំពុងព្យាបាលនៅសល់តែ១២នាក់ប៉ុណ្ណោះ ក្នុងចំណោមករណីឆ្លងសរុបចំនួន ១២២នាក់ ដោយក្នុងនោះ បានព្យាបាលជាសះស្បើយសរុបចំនួន ១១០នាក់។ ហេង សូរិយា