ខេត្តកណ្តាល÷បុរសជាប្តីបានតាមទាន់ប្រពន្ធនាំសហាយជិះរថយន្តទៅដេកក្នុងផ្ទះសំណាក់រួចបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់លេខA20ផ្ទះសំណាក់យីហោមហាលាភ ក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរស ជាប្តីឈ្មោះ សួស ចម្រើន អាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ប្រពន្ធឈ្មោះ រ៉េត អូនតូច អាយុ៣៤ឆ្នាំ មុខរបរ លក់ដូររស់នៅជាមួយប្តីមានទីតាំងចំណុចខាងលើ។ចំណែកបុរសជាសហាយឈ្មោះ ងួន វិឆ័យ អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ។
បុរសជាប្តីបានរៀបរាប់ឲ្យដឹងថា រូបគាត់នឹងប្រពន្ធបានរៀបការជាមួយគ្នា១៤ឆ្នាំមកហើយព្រមទាំងបានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ចុះថ្ងៃទី០៥-០៧-២០១១ ទៀតផង។មកដល់ពេលនេះគាត់មានកូន៤នាក់ហើយក្នុងនោះមានស្រីម្នាក់ផង។
បុរសនេះរៀបរាប់ឲ្យដឹងទៀតថា ក្នុងរយ:ពេលមួយឆ្នាំមកនេះគាត់និងប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នាចេះតែឈ្លោះគ្នាជាញឹកញាប់ដែលកើតចេញពីប្រពន្ធនេះតែម្តង។លុះមកដល់ថ្ងៃកើតហេតុគាត់បាត់រថយន្តម៉ាកតូយ៉ូតាកាមរីឆ្នាំស៊េរី១៩៩៧ និងប្រពន្ធមិនឃើញនៅផ្ទះក៏បានតាមរកគ្រប់ទីកន្លែង ស្រាប់តែប្រទះឃើញប្រពន្ធនិងសហាយកំពុងដេកក្នុងបន្ទប់លេខA20នៃផ្ទះសំណាក់មហាលាភក៏ប្តឹងសមត្ថកិច្ច្ចមូលដ្ឋានឲ្យឃាត់ខ្លួនទាំង២នាក់យកទៅចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ប្រាថ្នា