ភ្នំពេញ : បុរសម្នាក់បើករថយន្ត ឡិចសុីស ប៉ះជាមួយម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវលេខ១៩៦ ក្បែរសាលារៀនមុំ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចសុីស RX300 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AS-6099 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃប៉ះជាមួយម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកស៊ុយស៊ូគីលេត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង1Q-0779 ជិះដោយបុរសពីរនាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-2613 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ និងស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កបានព្យាយាមបើករត់បានប្រមាណជាង១០០ម៉ែត្រទៅមុខលែងរួចម្ចាស់ទុករថយន្តចោលឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ