អាចនិយាយបានថា គ្មានមេដឹកនាំរូបណានៅលើពិភពលោក ដែលជួបនៅហេតុការពិត អារម្មណ៍ពិត ពេលឆ្លងកូវីដ១៩ ដូចជានាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnsonនោះឡើយ ។ កត្ដាទាំងនោះហើយបានជាថ្ងៃដំបូងដែលលោកវិលទ្រឡប់មកធ្វើការវិញក្រោយ រយៈពេល ១ខែព្យាបាលជំងឺកូវីដ១៩នោះ លោកបានប្រកាសទៅកាន់ពលរដ្ឋអង់គ្លេសថា ការលុបច្បាប់បម្រាមគោរចរពិតជារឿងដ៏គ្រោះថ្នាក់បំផុត។
នៅថ្ងៃទី២៧ខែមេសា ជាថ្ងៃដែលលោកមមកគ្រប់គ្រងស្ថានភាពដឹកនាំអង់គ្លេសក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ដោយលោកបញ្ជាក់ថាពិតជារឿងដ៏គ្រោះថ្នាក់ អាចនឹងផ្ទុះកូវីដ១៩ជាថ្មី ហើយ កាន់តែសហាវជាងមុនទៀត។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ទីស្នាក់នៅ Downing ថា លោក Johnson បានប្រៀបធៀបកូវីដ១៩ ជាជនល្មើសតាមផ្លូវថ្នល់ ជាឃាតកអរូប ដែលពលរដ្ឋនៅក្នុងប្រទេសនេះត្រូវធ្វើសង្គ្រាម ប្រឆាំងនឹងវា។
លោក ក៏បានយល់ពីអារម្មណ៍របស់បណ្តាក្រុមហ៊ុន ដែលរងការខាតបង់ដោយសារតែបិទប្រទេសនោះ ប៉ុន្តែយើងមិនអាចធ្វើអ្វីលើសពីនេះទៀតឡើយ ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ។ លោកក៏បានសន្យាថា នឹង ខិតខំ ទប់ស្កាត់ការឆ្លងរាលដាល ដើម្បីបើកទ្វារ ដំណើរការសេដ្ឋកិច្ចឡើងវិញ។
លោកបានទទួលស្គាល់ថាកូវីដ១៩ គឺជាឧបស័គ្គដ៏ធំដែលអង់គ្លេសបានប្រឈមមុខមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។. លោកបន្តទៀតថា ពេលនេះ យើងកំពុងតែយកឈ្នះ ទៅលើកូវីដ១៩ ហើយប្រសិនបើយើងបន្ធូរវិញនោះវានឹងវាយលុកសារជាថ្មី។
តាមគេហទំព័រ worldometers.info គិតត្រឹមម៉ោង៧ និង១០នាទីថ្ងៃទី២៧ខែមេសានេះ អង់គ្លេសមានអ្នកឆ្លងសរុប ១៥២ ៨៤០ នាក់ និងស្លាប់ ២០ ៧៣២នាក់ ស្ថិតនៅលំដាប់លេខរៀងទី៦នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនបំផុត៕