ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់អាវុធកែច្នៃ និងកាំបិត ដែលតែងតែបង្កអសន្តិសុខក្នុងភូមិ និងលើដងផ្លូវសាធារណៈ ដើម្បីនាំយកទៅបន្តនីតិវិធី ។
ករណីឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងខាងលើ ធ្វើឡើងនារសៀលថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចអូរដេកា ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលអធិការដ្ឋានស្រុកវាលវែង ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចអូរដេកា ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ក្នុងកិច្ចការងារឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាក្មេងទំនើងនេះ កម្លាំងដកហូតនូវវត្ថុតាងរួមមាន អាវុធកែច្នៃចំនួន ០១ដើម កាំបិតចំនួន ០២ ជនសង្ស័យរួមទាំងវត្ថុតាងបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ បុឹម ពិន