ខេត្តកែប ៖ នគរបាលខេត្តកែប ចុះបង្ក្រាបចាប់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីថ្ងៃទី០៤ និងទី២៥ ខែមីនា ឆ្នាំ២០២០ នៅភូមិកែវក្រសាំង។
អនុវត្តតាមការសម្របសម្រួលនីតិវិធី ដោយ លោក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកឧត្ដមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ,សន្តិសុខ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងនគរបាលក្រុងកែប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបចាប់ខ្លួនមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីថ្ងៃទី០៤ និងទី២៥ ខែមីនា ឆ្នាំ២០២០ នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប រួមជាមួយបក្សពួកចំនួន០៦នាក់ទៀត ដោយត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ឃាត់ខ្លួនផងដែរ។
ជនសង្ស័យមានឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្ត៕