ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉េអឹមស្រុក នគរបាលស្រុក និងមន្ត្រីរ៉ែនិងថាមពលខេត្ត បានសម្រេចបិទទីតាំងជីករ៉ែមាស ក្រុមហ៊ុនចិន បណ្ដោះអាសន្ន ដោយសារអាជ្ញាប័ណ្ឌហួសសុពលភាពធ្វើអាជីវកម្ម ខណៈម្ចាស់ទីតាំងរត់គេចខ្លួនបាត់។
ហេតុការណ៍បិទទីតាំងខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ស្ថិតនៅចំណុចជាំក្រវ៉ាញ ក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកនាំដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីជំនាញបានចូលរួមជាច្រើននាក់។
លោក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្ត បានប្រាប់អ្នកសារព័ត៌មានថា ក្នុងការចុះប្រត្តិបត្តិការ បិទទីតាំងក្រុមហ៊ុនជីករ៉ែទង់ដែង(ស្ពាន់) របស់ចិននោះ ដោយសារអាជ្ញាប័ណ្ណធ្វើអាជីវកម្មអស់សុពលភាព និងម្យ៉ាងទៀតសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរកទីតាំងរ៉ែរបស់ក្រុមហ៊ុនចិនខាងលើ ឃើញមានរថយន្តបែនដឹកដីនិងគ្រឿងចក្រសម្រាប់ជីករ៉ែយកទៅលក់ជាច្រើនគ្រឿងប្រើប្រាស់ខុសប្រក្រតី។
លោកបានបន្តថា ក្រុមហ៊ុនចិននោះ បានប្រើអាជ្ញាប័ណ្ណហួសសុពលភាព ពោលកាលបរិច្ឆេទថ្ងៃទី២៧ខែតុលាឆ្នាំ២០១៤ ត្រូវបានក្រុមហ៊ុនចិន មកវិនិយោជ លើផ្ទៃដីចំនួន៣៦០០ហិកតា ដែលបានផ្ទេរសិទ្ធមកពីក្រុមហ៊ុន ណឹម ម៉េងគ្រុប តាំងពីឆ្នាំ២០១២មក រហូតមកដល់ថ្ងៃកើតហេតុ។
លោកបានបញ្ជាក់ថា មុនឈានដល់ធ្វើការបិទទីតាំងខាងលើជាបណ្តោះអសន្ននោះ ត្រូវបានក្រុមហ៊ុនចិនមួយនេះបានធ្វើសកម្មជីករ៉ែទង់ដែង(ស្ពាន់)ដឹកដីយកទៅលក់នៅទីក្រុងភ្នំពេញចំនួន២ឡាន ស្មើនឹង៤០តោន កាលពីខែកញ្ញាឆ្នាំ២០១៥ ហើយត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំចាប់បានកន្លងទៅ។ លោកបានបន្ថែមថា តំណាងក្រុមហ៊ុនចិនដែលត្រូវឃាត់ខ្លួនជាបណ្តោះអាសន្នមានឈ្មោះ លីវ ភីងស៊ីង ភេទប្រុស អាយុ៤១ឆ្នាំជាជនជាតិចិន។
ក្រោយពីធ្វើការឃាត់ខ្លួនត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឱ្យធ្វើកិច្ចសន្យា ចំពោះសមត្ថកិច្ច ដើម្បីបញ្ឈប់សកម្មជីករ៉ែ តទៅទៀតនិងឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់ទីតាំង ដែលបានរត់គេចខ្លួនបាត់ស្រមោលនោះ ត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់អស់ហើយ។
លោកបានបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មជីករ៉ែមាសនៅលើទឹកដីខេត្តសៀមរាបដោយគ្មានការសហការជាមួយនឹងមន្ត្រីជំនាញនោះ វាជាទង្វើផ្ទុយពីច្បាប់ ស្តីពី ការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែនៅកម្ពុជា។ រីឯក្រុមហ៊ុនចិន ដែលបានជីករ៉ែទង់ដែង(ស្ពាន់)យកទៅលក់ឱ្យឈ្មួញធំៗនោះបានជីកជាច្រើនឆ្នាំមកហើយ៕
ដោយ៖ ជានិរន្ដរ៍