ជាប់គុកហើយ! កូនតិរច្ឆានគ្រាន់តែម្តាយស្តីឱ្យរឿងធ្វេីឲ្យកង់ដួលទាញដំុឥដ្ឋវាយម្តាយនិងឪពុករងរបួសយ៉ាងធ្ងន់

ចែករំលែក៖

កណ្ដាល៖ កូនប្រុសចិត្តតិរច្ឆាន គ្រាន់តែម្ដាយសួរនាំរឿង ធ្វើឲ្យកង់ដួលប៉ុណ្ណឹងសោះកូនតិរច្ឆានស្ទុះទៅយកដុំឥដ្ឋប្រហោងវាយប្រហារមកលើម្ដាយ និងឪពុកហេីយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ” តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ

ដែលប្រព្រឹត្តនៅភូមិ​ប្រឡាយ ឃុំ​បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ។

ជនត្រូវចោទមានឈ្មោះដារ៉ា ភេទប្រុស​ អាយុ២១ឆ្នាំ ជនជាតិខ្មែរមាន មុខរបរមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមានចំនួន៣នាក់ ទី១-ឈ្មោះ​ សុឹម​ ចិន្តា​ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ប្រឡាយឃុំ​ បឹងខ្យាង​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ទី២-ឈ្មោះ​ ប្រុក​ សារិន​ ភេទប្រុស​ អាយុ​៥២ឆ្នាំ​ មានទីលំនៅភូមិ​ ប្រឡាយឃុំ​ បឹងខ្យាង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្ដាល និងទី៣-ឈ្មោះ​ កឹម​ វណ្ណី​ ភេទស្រី​ អាយុ​៦០ឆ្នាំ​ មានទីលំនៅភូមិ​ ប្រឡាយ​ ឃុំ​បឹងខ្យាង​ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្ដាល​។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុជនសង្ស័យបានធ្វើឱ្យកង់ដួលនៅមុខផ្ទះ ពេលនោះជនរងគ្រោះ​ជាម្តាយបានសួរនាំ​ជនសង្ស័យ​ពីរឿង​ដួលកង់នោះ​ ស្រាប់​តែ​ជន​សង្ស័យ​បាន​ស្ទុះយក​ដុំឥដ្ឋប្រហោង​វាយក្បាល​ជនរងគ្រោះ​ បណ្តាល​អោយ​ពក​ បន្ទាប់​មក​ជនរងគ្រោះ​ជាម្តាយហើយបានរត់ទៅពួននៅផ្ទះអ្នកជិតខាងបាត់ទៅ​។ បន្ទាប់មកជន​សង្ស័យ​បានយកដុំ​ថ្មវាយក្បាលជនរងគ្រោះជាឱពុកបណ្តាលឱ្យបែកហូរឈាម​ និង​បានវាយបំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រួចជនសង្ស័យ​បានរត់ចូលទៅផ្ទះអ្នកជិតខាងដែលជាជនរងគ្រោះ​ឈ្មោះ​ សំ​ សុវណ្ណារី​ ដោយកាន់ពូថៅជាប់នឹងដៃទៅជាមួយផង​។ ភ្លាម​នោះ​ជនសង្ស័យ​បាន​ធាក់​ទ្វារដែកផ្ទះបាយបណ្តាលឱ្យដាច់​ត្រចៀកទ្វា​រ របេីកត្រូវចំមុខជនរងគ្រោះដែលឈរ​ក្បែរ​នោះ​ដួល​ផ្ងារ​ក្រោយ​រងរបួស​បែកមុខ​ និង​បែកក្បាលពីក្រោយហូរឈាម។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងបានចុះដល់ចំណុចកើតហេតុ និងធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគបាលស្រុកចាត់ការតាមនិតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print