លោកលី សុវណ្ណថារៀបការបានតែត្រូវមានអាកុល ជែលនិងមួយតុមានគ្នា៥នាក់បានហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២០ថ្លែង ថាប្រជាពលរដ្ឋអាចរៀបចំពិធីមង្គលការដល់បុត្រធីតារបស់ខ្លួន បានតែត្រូវអនុវត្តនូវវិធានការមួយចំនួន ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិតបានបន្តថាវិធានការ ដែលត្រូវអនុវត្តនោះរួមមាននៅតាមរោងការនីមួយៗត្រូវមានអាកុលឬជែល លាងដៃសម្រាប់ភ្ញៀវ ត្រូវកាត់បន្ថយកៅអីអង្គុយពី១០នាក់មកនៅត្រឹម៥នាក់ ដើម្បីរក្សាគម្លាត ត្រូវដួសម្ហូបអាហារដាក់ចានផ្សេងៗគ្នា ពេលជួបគ្នាកុំចាប់ដៃគ្នា ត្រូវសំពះគ្នាទៅវិញទៅមក និងត្រូវនៅឃ្លាតឆ្ងាយពីគ្នាចាប់ពី១ម៉ែត្រកន្លះឡើងទៅ ដើម្បីការពារពីការខ្ទាតទឹកមាត់ដាក់គ្នា។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ជនបទ បានរៀបចំពិធីមង្គលការកូនចៅជាបន្តបន្ទាប់ ដោយមិនខ្លាចឆ្លងជំងឺ កូវីដ-១៩ឡើយ ដោយសារពួកគាត់យល់ថាស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជាបានធូរស្រាលហើយ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ បើអាចធ្វើបានគួរតែពន្យារពេលពិធីមង្គលការសិនទៅហើយ រង់ចាំរាជរដ្ឋាភិបាលបើកឡើងវិញ ព្រោះថាបើទោះបីជាកម្ពុជាមានស្ថានភាពជំងឺ កូវីដ-១៩ធូរស្រាលក្តី តែប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។
ចំណែក លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសបន្តតាមដាន និងពង្រឹងការអនុវត្តបទបញ្ជានិងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចៀសឲ្យផុតពីការវាយលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា។ លោកស្រីបានធ្វើការប្រៀបធៀបជំងឺកូវីដ-១៩ទៅនឹងភ្លើងសញ្ញាចរាចរណ៍ ថា«ចរាចរណ៍វីរុសកូវីដ-១៩ នៅមិនទាន់ឈានដល់ភ្លើងស្តុបពណ៌ក្រហមនៅឡើយទេពោល គឺកម្ពុជាស្ថិតនៅស្ថានភាពភ្លើងស្តុបពណ៌លឿងនៅឡើយ ប្រសិនបើមិនគោរពភ្លើងពណ៌លឿងនេះទេ ហើយនៅតែសម្រុកបើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ ហើយ» លោកស្រីបានបន្ថែមថា អង្គការសុខភាពពិភពលោកក៏បានអះអាងដែរថា កូវីដ-១៩ អាចចប់ទៅបានទាល់តែពិភពលោកអាចគ្រប់គ្រងបានទាំងស្រុងនូវជំងឺកូ វីដ-១៩នេះ ហើយណែនាំឲ្យយើងទាំងអស់គ្នាបន្តប្រុងប្រយ័ត្ន ដើម្បីការពាររលកទី២នៃការរាតត្បាតជំងឺនេះ។
គួរបញ្ជាក់ថា រហូតដល់ម៉ោង៨ព្រឹកថ្ងៃទី៧ឧសភានេះ ក្រសួងសុខាភិបាលពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ គឺមានករណីជំងឺ កូវីដ-១៩ ចំនួន១២២ករណីដដែល និងមិនមានករណីជាសះស្បើយថ្មីដែរ គឺមានករណីជាសះស្បើយសរុបមានចំនួន១២០នាក់ ដដែលនិងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២នាក់ ប៉ុណ្ណោះ៕ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print