លោកម៉ៃ តុលា ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖លោក ម៉ៃតុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវបានឃាត់ខ្លួននៅថ្ងៃនេះដោយសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅព្រឹកមិញលោក ម៉ៃ តុលា អតីតអគ្គលេខាធិការស្តីទី និងជាអតីតនាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលរងការដាក់ពិន័យធ្ងន់ធ្ងរជាងគេ ចំនួន២ចំណុចមិនឱ្យប៉ះពាល់សកម្មភាពកីឡាអស់មួយជីវិត និងត្រូវបានសហព័ន្ធបញ្ជូនសំណុំរឿងពុករលួយទៅកាន់តុលាការនោះបានបញ្ជាក់ថា «សុំទោស នៅក្នុងស្ថានភាពនេះ លោកមិនអាចនិយាយអ្វីបានទាំងអស់ ហើយលោកកំពុងរង់ចាំការចាត់ចែងរបស់សហព័ន្ធ ឬនីតិច្បាប់របស់កម្ពុជា»។

ចំពោះអ្នករងពិន័យ៣នាក់ផ្សេងទៀត គឺលោក ទុយ វិច្ឆិកា, លោក គល់ សុភារម្យ និងលោក ឆាំង ពិសិដ្ឋ ដែលត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតនោះ «សុំមិនបញ្ចេញការបរិយាយអ្វីទាំងអស់»។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេក្តីជូនដំណឹងថ្មីដ៏ក្តៅគគុកមិនធ្លាប់មាន ដោយដាក់ទណ្ឌកម្ម ចំពោះអតីត និងមន្ត្រីសហព័ន្ធរបស់ខ្លួនចំនួន៤នាក់ ដែលបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក កែវ សារ៉េត អគ្គលេខាធិការ FFC បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា អតីតមន្ត្រីទាំង៤នាក់នេះពាក់ព័ន្ធនឹងការកិបកេងថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន Tiger ប្រមាណ៣០ភាគរយនៃថវិកាសម្រាប់ការរៀបចំព្រឹត្តិការណ៍ Tiger Street ទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។

ប៉ុន្តែការកិបកេងថវិកា ៣០ភាគរយនេះ ត្រូវបានបើកការស៊ើបអង្កេត កាលពីពេលថ្មីៗនេះ ទើបពិនិត្យឃើញថា អ្នកទាំង៤បានប៉ះពាល់ថវិកាឧបត្ថម្ភនោះមែន ចាប់ពីឆ្នាំ២០១៥ (ប្រមាណ៨ពាន់ដុល្លារអាម៉េរិក) មក សរុបជិត ៦ម៉ឺនដុល្លារអាម៉េរិក ដោយលោក ម៉ៃ តុលា គឺជាប្រធានគ្រប់គ្រងបច្ចេកទេស ដែលជាអ្នកទទួលខុសត្រូវធំជាងគេ។ លោកអះអាងថា ការសម្រេចព្យួរ និងបញ្ជូនសំណុំរឿងអំពើពុករលួយរបស់លោក ម៉ៃ តុលា ទៅតុលាការ គឺបានព្រមព្រៀងគ្នាជាឯកច្ឆន្ទរបស់សមាជិកប្រតិបត្តិសហព័ន្ធ ដើម្បីលាងសម្អាតអំពើពុករលួយនៅក្នុងវិស័យកីឡាបាល់ទាត់។

សេចក្តីជូនដំណឹងស្តីពីការព្យួរអតីតមន្ត្រីបាល់ទាត់ ៤នាក់ មិនឱ្យធ្វើគ្រប់សកម្មភាពកីឡាបាល់ទាត់ អស់មួយជីវិត ក្នុងនោះលោក ម៉ៃ តុលា ដែលជាអ្នកទទួលខុសត្រូវធំជាងគេត្រូវបានបញ្ជូនសំណុំរឿងពុករលួយទៅតុលាការ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយនៅល្ងាចថ្ងៃដដែល សហព័ន្ធបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបន្ថែមអំពីមូលហេតុ ដែលឈានដល់ការសម្រេចបែបនេះ។
គណៈកម្មការស៊ើបអង្កេតរបស់សហព័ន្ធលើករណីនេះ មានលោក ខៀវ សាម៉េត អនុប្រធាន លោកអ៊ុក សិទ្ធិជាតិ លោក កែវ សារ៉េត និងមានសមាសភាពមួយចំនួនទៀត។
លោក កែវ សារ៉េត បានបញ្ជាក់ទៀតថា បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិបានរកឃើញថា កំហុសនេះមិនអាចលើកលែងឱ្យពួកគេទាំង ៤នាក់បាន ទើបសម្រេចដាក់ពិន័យតាមរយៈដកតំណែង និងដាក់បម្រាមមិនឱ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ នៅក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងស្របតាមគោលការណ៍សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដែលតែងតែលើកទឹកចិត្តឱ្យបោសសម្អាតអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print