ខេត្តពោធិ៍សាត់៖ ពិតជាគួរឲ្យសោកស្ដាយណាស់ទំរាំបានបុិននេះមិនងាយទេ ផ្ទះ ១ខ្នង និងជង្រុកស្រូវត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅគ្រាដែលឪពុកម្ដាយចេញដំណើរទៅទិញឪវ៉ាន់នៅឯផ្សារ កូនប្រុសព្រោះតែចង់ជួយរំលែងការងារម៉ែឪខំបង្កាត់ដាក់ដាំបាយ ប៉ុន្តែជាអកុសលរាលឆេះអស់ទាំងស្រុង ។
ហេតុការណ៍អគ្គីភ័យឆាបឆេះលំនៅឋានអស់ទាំងស្រុង បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១២នាទី ព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះទទឹង ស្ថិតក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកតាលោសែនជ័យ ផ្ទះសម្បែងដែលត្រូវបានអគ្គីភ័យឆាបឆេះទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដំបូលប្រក់សុីប្រូសុីម៉ង់ ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា ជង្រុកស្រូវទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា សម្ភារៈខូចខាតរួមមានៈ ស្រូវចំនួន ១.៥០០គីឡូក្រាម អង្ករចំនួន ១០០គីឡូក្រាម ខ្សែកមាសទម្ងន់ចំនួន ៣ជី ពាងទឹកចំនួន ៥ សម្ភារៈផ្សេងៗឆេះអស់ទាំងស្រុង ។
របាយការណ៍នគរបាលខាងលើបន្តថា ម្ចាស់ឈ្មោះ ទាន់ ទឹម អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ប៉ាក់ ផន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ និងកូនម្នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មូលហេតុ៖ ឪពុកម្ដាយទៅទិញឪវ៉ាន់នៅឯផ្សារ ស្រុកបាកាន កូនប្រុសបង្កាត់ភ្លើងដាក់ដាំបាយ ប៉ុន្តែមិនដឹងជាយ៉ាងមិចស្រាប់តែរាលឆេះបែបនេះ ៕ បុឹម ពិន